ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh) លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដមសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា (Hidetoshi Nishimura) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានធ្វើជាគណៈអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន”។
សិក្ខាសាលាដ៏មានសារសំខាន់នេះត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្រោមកិច្ចសហការរវាង វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថាន ERIA ដោយមានការចូលរួមពីឯកឧត្ដម-លោកជំទាវមកពីក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដម-លោកជំទាវ ឯកអគ្គរាជទូត-រដ្ឋទូត និងតំណាងស្ថានទូតនៃប្រទេសពាក់ព័ន្ធ វាគ្មិនជាតិ-អន្តរជាតិ អង្គការអន្តរជាតិ អ្នកស្រាវជ្រាវ វិស័យឯកជន ព្រមទាំងមន្រ្តីក្រសួងពាណិជ្ជកម្ម សរុបប្រមាណជិត ២០០ នាក់។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី បានសម្តែងនូវគារវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ ព្រមទាំងកោតសរសើរចំពោះវិទ្យាស្ថាន ERIA និងវិទ្យាស្ថាន TTRI ដែលបានសហការខិតខំរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។ លោករដ្ឋមន្ត្រីបន្តថា កិច្ចព្រមព្រៀងអាសិបនេះមានសារសំខាន់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធរបស់កម្ពុជានៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល។
លើសពីនេះ កិច្ចព្រមព្រៀងនេះ នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់មនុស្ស ២,២ ពាន់លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែកប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង៣២.៥% នៃការវិនិយោគសកល។
លោករដ្ឋមន្រ្តី បញ្ជាក់ថាយោងតាមការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ការនាំចេញរបស់កម្ពុជានឹងកើនឡើង ៧.៣% ការវិនិយោគនឹងកើនឡើង២៣.៤% និងផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២% នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះ ក្រោយការចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងចាំបាច់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់។ ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់-គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីស៊ីមូរ៉ា ប្រធានវិទ្យាស្ថាន ERIA បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអាសិបពិតជាមានសារសំខាន់ខ្លាំងក្នុងការពង្រឹងឡើងវិញនូវប្រព័ន្ធពហុភាគីនិយម របបពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងយុទ្ធនាការស្តារសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ដែលរងគ្រោះពីវិបត្តិកូវីដ-១៩។ លើសពីនេះ កិច្ចព្រមព្រៀងអាសិបក៏បានធានាតម្លៃនៃមជ្ឈភាពអាស៊ាន ក្នុងការសម្របសម្រួលជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងការដាក់ចេញនូវទិសដៅសកម្មភាពនានា ក្រោមកិច្ចព្រមព្រៀងនេះផងដែរ។ លោកសាស្ត្រាចារ្យក៏បានលើកឡើងពីសៀវភៅស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” ដែលជាសៀវភៅដំបូងដែលវិទ្យាស្ថាន ERIA បានធ្វើការវាយតម្លៃពីធាតុសំខាន់ៗនៃកិច្ចព្រមព្រៀងអាសិបនេះ។ ឯកឧត្ដមសាស្រ្តាចារ្យបញ្ជាក់ថា សៀវភៅនេះធ្វើការវិភាគពីផលបច្ច័យ បញ្ហា និងផលដែលរំពឹងទុកពីកិច្ចព្រមព្រៀងនេះ លើការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគតរបស់តំបន់ទាំងពីរ។
នៅកិច្ចបញ្ចប់ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ERIA និងលោកប្រធានវិទ្យាស្ថាន TTRI ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះ ព្រមទាំងណែនាំឱ្យមានការចូលរួមយ៉ាងសកម្ម និងផុសផុល ដើម្បីទាញអត្ថប្រយោជន៍ពីសិក្ខាសាលានេះឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន៕