ភ្នំពេញៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១,២លាននាក់បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២ នេះ កើនឡើងជិត ៩០ភាគរយបើធៀបនឹងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ ដោយក្នុងនោះខេត្តបាត់ដំបង សៀមរាប និងកែប ទទួលបានភ្ញៀវច្រើនជាងគេ។ នេះបើតាមទិន្នន័យក្រសួងទេសចរណ៍។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស ១ ២៥៩ ១២១នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១ ២៤៤ ៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៤ ៤៧៩នាក់។ ចំនួនសរុបខាងលើ គឺថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ(ថ្ងៃទី២៤ ខែកញ្ញា) មានភ្ញៀវដើរកម្សាន្ត ៣៣៩ ៤៥៩នាក់, ថ្ងៃទី២(ថ្ងៃទី២៥ ខែកញ្ញា) មាន ៥១២ ១២៦នាក់ និងថ្ងៃទី៣ (ថ្ងៃទី២៦ ខែកញ្ញា) មានចំនួន ៤០៧ ៥៣៦នាក់។
បាត់ដំបង គឺជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដោយមានចំនួន ២១០ ១២២នាក់, សៀមរាប ១៤៣ ៤៧០នាក់, កែប ១១៦ ៧៧៦នាក់, ពោធិ៍សាត់ ៩៦ ៤៥២នាក់, ព្រះសីហនុ ៨៤ ៥៥៧នាក់, កំពង់ចាម ៧៩ ៥៧៤នាក់, ខេត្តកំពត ៧៧ ៥៤៨នាក់, កណ្តាល ៥៤ ៥៤៦នាក់, កំពង់ឆ្នាំង ៥៤ ០២៦នាក់ និងខេត្តប៉ៃលិន ៤៩ ៧៤៨នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ចំនួនភ្ញៀវដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ គឺមានកំណើន ៨៩,៤៣ភាគរយបើធៀបរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។
លោកបានថ្លែងថា៖«ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១ ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១ ដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ១៩»។
បើតាមលោក ថោង ខុន សម្រាប់រយៈពេល ៣ថ្ងៃនេះ សភាពការណ៍ទេសចរណ៍ជារួមគឺមានភាពល្អប្រសើរ បើទោះបីបណ្តារាជធានី/ខេត្តភាគច្រើនមានភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងការកកស្ទុះនៅតាមតំបន់ និងផ្លូវជាតិសំខាន់ៗមួយចំនួនក៏ដោយ។