ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ នៅក្នុងបរិវេណទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងកាត់ខ្សែបូរដាក់ឱ្យដំណើរការជាផ្លូវការ នូវមជ្ឈមណ្ឌលទិន្នន័យថ្មី បែបទំនើបស្របតាមស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់មួយ របស់ក្រសួងពាណិជ្ជកម្ម ជាមួយគ្នានឹងកម្មវិធីសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅ ការងារពាណិជ្ជកម្មឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូប។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ ជាសមិទ្ធិផលថ្មីមួយទៀតដែលក្រសួងពាណិជ្ជកម្មសម្រេចបានក្នុងឆ្នាំ២០២១ ហើយវាមានសមត្ថភាព និង សុវត្ថិភាពខ្ពស់ ក្នុងពង្រីកសមត្ថភាព (Scalability) និងរក្សារឯកជនភាពទិន្នន័យ ដែលរក្សារនៅក្រសួងពាណិជ្ជកម្ម។ តាមសមត្ថភាព របស់មជ្ឈមណ្ឌលទិន្នន័យថ្មីនេះ វាអាចធានា និងឆ្លើយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោចណាស់០៣ (បី) ឆ្នាំទៅមុខទៀត ក្នុងការរក្សាទុកប្រព័ន្ធទិន្នន័យសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះបានរៀបចំជា ០២(ពីរ)ផ្នែកសំខាន់គឺ៖ ផ្នែកទី១ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) និង ផ្នែកទី២ ផ្នែកព័ត៌មានវិទ្យា (Information Technology Equipments)។
ផ្នែកទី១៖ បរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យ (Data Center Facilities) ត្រូវបានរចនា និងរៀបចំឡើងដើម្បីធានាឱ្យបាននូវដំណើរការប្រកប ដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថិភាពរបស់ឧបករណ៍។ ក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ត្រូវបានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់បែប ពិសេស ដើម្បីរក្សាឧបករណ៍ក្នុងសីតុណ្ហភាពសមស្រប និងមិនមានសំណើមដែលអាចមានផលប៉ះពាល់ដល់ឧបករណ៍ទាំងឡាយដែលដាក់ ឱ្យដំណើរការដូចជាឧបករណ៍បណ្តាញ (Networking Devices) ម៉ាស៊ីនមេ (Server) និងឧបករណ៍រក្សារទិន្នន័យ (Storage) ជាដើម។
មជ្ឈមណ្ឌលទិន្នន័យថ្មីនេះមានបំពាក់ UPS, ម៉ាស៊ីនភ្លើង, និងឧបករណ៍ឆ្លាស់ថាមពលអគ្គីសនីដោយស្រ័យប្រវ័ត្ត (ATS) ដែលធានា ថាមជ្ឈមណ្ឌលទិន្នន័យ និងសេវាឌីជីថលនានារបស់ក្រសួងនៅតែអាចដំណើរការបានទោះបីមានការរអាក់រអួលរបស់ប្រព័ន្ធអគ្គីសនី ពីប្រភពណាមួយក៏ដោយ។
លើសពីនេះបរិក្ខារគាំទ្រមជ្ឈមណ្ឌលទិន្នន័យទាំងនេះ ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធ គ្រប់គ្រងបរិស្ថាន (Environment Monitoring) ដែលធ្វើ ការជាមួយឧបករណ៍ចាប់សញ្ញាជាច្រើនប្រភេទដូចជា សញ្ញាសីតណ្ហភាព, ម៉ាស៊ីនត្រជាក់បន្ទប់កុំព្យូទ័រ (CRAC), ប្រព័ន្ធកំដៅខ្យល់ ប្រព័ន្ធការពារអគ្គីភ័យនិងម៉ាស៊ីនត្រជាក់ (HVAC) និងប្រព័ន្ធផ្សងៗជាច្រើនទៀត ព្រមទាំងបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា ប្រព័ន្ធទ្វា និងបំពាក់កាមេរ៉ាសុវត្ថិភាព ដែលថតទុករាល់សកម្មភាពដែលកើតឡើងក្នុងបន្ទប់មជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាការពារមិន ឱ្យបុគ្គលដែលគ្មានការអនុញ្ញាតចេញចូលផងដែរ។
ផ្នែកទី២៖ ផ្នែកព័ត៌មានវិទ្យា (Information Technology Equipments) បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីសម្រាប់ ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ជំនាន់ចុងក្រោយបង្អស់ ព្រមទាំងការរក្សាទុកទិន្នន័យបែបឌីជីថល ដើម្បីធានាឱ្យបាននូវសុវត្ថភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណជន។ ឧបករណ៍ទាំងអស់នោះរួមមាន៖ ម៉ាស៊ីនផ្ទុកទិន្នន័យ, ម៉ាស៊ីនមេ, ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ និងប្រព័ន្ធសុវត្ថិភាពបណ្តាញដូចជា Firewall និងឧបករណ៍ប្រឆាំងការវាយប្រហារតាមប្រព័ន្ធ បច្ចេកវិទ្យាផ្សេងៗទៀត។ ក្នុងនោះម៉ាស៊ីនមេ មាន CPU ចំនួន ២៨៨ Core, RAM រហូតដល់ ២TB និងអង្គផ្ទុកទិន្នន័យ (Storage) រហូតដល់ ១៥៤TB ដែលអាចផ្ទុកម៉ាស៊ីននិម្មិត (Virtual Machine) ជាមធ្យម ចន្លោះពី ១០០ ទៅ ១៥០។ លើសពីនេះ ក្រុមការងារ បច្ចេកទេសព័ត៌មានវិទ្យារបស់ក្រសួង បានតម្លើងប្រព័ន្ធឆ្លាស់ Active-Active និង Active Standby ទៅលើប្រតិបត្តិការទាំង អស់របស់ឧបករណ៍ ព្រមទាំងបានតម្លើងនូវប្រព័ន្ធឆ្លាស់បម្រុង Load balance Link balance ដើម្បីធានាបាននូវនិរន្តភាពនៃប្រតិបត្តិការ និងការផ្តល់សេវាកម្មអនឡាញរបស់ក្រសួងពាណិជ្ជកម្មទេ។
សូមបញ្ជាក់ពីសារបានរបស់មជ្ឈមណ្ឌលទិន្នន័យនេះថា បន្ទាប់ពីក្រសួងពាណិជ្ជកម្មទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រុមការងារក្រសួងបានសិក្សា និងជ្រើសរើសក្រុមហ៊ុនរៀបចំដំឡើង មជ្ឈមណ្ឌលទិន្នន័យ របស់ក្រសួងពាណិជ្ជកម្ម ដែលមានស្តង់ដារ និងបច្ចេកវិទ្យាខ្ពស់ ហើយថវិកាក្នុងការក៏សាងឡើង (ក្រោមគម្រោងវិនិយោគផ្ទាល់) អស់ចំនួន៖ ៣.៩៩០.០០០.០០០រៀល (បីពាន់ប្រាំបួនរយកៅសិបលានរៀលគត់)៕