ភ្នំពេញ៖ ពន្ធដារ ក្រើនរំលឹកដល់ ម្ចាស់អចលនទ្រព្យទាំង ដែលស្ថិត នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ និងឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ ឱ្យបានមុនថ្ងៃ៣០ខែកញ្ញា ឆ្នាំ២០២២ ចៀសវាងការរងនូវទោសទណ្ឌតាមផ្លូវច្បាប់។
អគ្គនាយកដ្ឋានពន្ធដារ កាលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ ដោយសារតែខាងពន្ធដារសង្កេតឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការ កកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ត្រូវរួសរាន់មកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារ ។ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យនឹង ត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែល ពន្ធដារប្រមូលបាន មានចំនួន ប្រមាណជា ១ ៧២៦,៩៣ លានដុល្លារ កើនឡើង២៧,៩៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ៕