ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយធនាគារវីង(ខេមបូឌា)ដើម្បីធ្វើការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលជាមួយថ្នាលទីផ្សារអេឡិចត្រូនិក Cambodiatrade.com របស់ក្រសួង ដើម្បីបង្កើនភាពងាយស្រួល និងកាត់បន្ថយពេលវេលាជូនអតិជន និងសហគ្រាសធុនតូច និងមធ្យម ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា។
ផែនការនៃកិច្ចសហការនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងជំនួបរវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Manu Rajan នាយកប្រតិបត្តិនៃធនាគារវីង តាមរយៈប្រព័ន្ធវីដេអូ (Zoom) ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពរៀបចំកិច្ចសហប្រតិបត្តិការអំពីការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង។
លោកស្រី តឹករ៉េត កំរង បានថ្លែងអំណរគុណដល់ធនាគារ វីង(ខេមបូឌា) ដែលមានបំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិករបស់ក្រសួងពាណិជ្ជកម្ម Cambodiatrade.com។
លោកស្រីក៏បានលើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មដែលសម្រេចបានកន្លងមករួមមាន ច្បាប់កិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងសមិទ្ធផលនៃការអនុវត្ថគម្រោងដែលមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដូចជាយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM។
លោកស្រីថ្លែងថា៖«ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយធនាគារវីង និងស្នើឱ្យក្រុមការងារបច្ចេកទេសទាំងពីរសហការគ្នាឱ្យបានល្អដើម្បីធានាឱ្យបាននូវការតភា្ជប់ប្រព័ន្ធទូទាត់តាមបែបឌីជីថលរបស់ធនាគារវីង និងថ្នាលអេឡិចត្រូនិក CambodiaTrade ឱ្យទទួលបានជោគជ័យ៕