ភ្នំពេញៈ ក្រសួងកសិកម្ម បានអំពាវនាវឱ្យអ្នកនៅក្នុងវិស័យផលិតកម្មមៀន និងផ្នែកឯកជនពាក់ព័ន្ធ រួសរាន់ទៅដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ឱ្យបានឆាប់រហ័ស ដើម្បីអាចនាំចេញផ្លែមៀនស្រស់ទៅទីផ្សារប្រទេសចិន ក្រោយពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យបានចូលជាធរមាន។
សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា បានឱ្យដឹងថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ ហេតុដូចនេះ ទើបក្រសួង អំពាវនាវដល់ម្ចាស់ចម្ការ មៀនប៉ៃលិន សហគមន៍កសិកម្មមៀនប៉ៃលិន និងផ្នែកឯកជនពាក់ព័ន្ធរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ឱ្យបានឆាប់រហ័សនៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ ធ្លាប់បានលើកឡើងថា ការចរចាជាមួយភាគីចិន មានចំនួន ៧ដំណាក់កាល ដោយបច្ចុប្បន្ន បានឈានចូលដល់ដំណាក់កាលទី៦ ហើយ ។ដូចនេះ នៅសល់មួយដំណាក់កាលទៀត កម្ពុជាអាចនាំចេញមៀនប៉ៃលិនទៅចិនបានហើយ។
លោកបានបញ្ជាក់ថា ក្រសួងកំពុងតែយកចិត្តទុកដាក់លើការពិនិត្យឡើងវិញ ចំពោះចម្ការមៀន រោងចក្រវេចខ្ចប់ និងសម្លាប់សមាសធាតុចង្រៃ ដែលបានដាក់ស្នើសុំទៅភាគីចិន ដើម្បីឱ្យអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងពិធីសារ ទើបអាចនាំចេញទៅបាន។
បើតាមក្រសួងកសិកម្ម បច្ចុប្បន្នការដាំមៀនប៉ៃលិនកំពុងកើនឡើងគួរឱ្យកត់សម្គាល់ដោយមានផ្ទៃដីដាំជាង ១៣ ៦០៨ ហិកតានៅទូទាំងប្រទេស ហើយភាគច្រើនដាំនៅខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។ មៀនប៉ៃលិននេះផ្តល់ផលជាមធ្យមពី ៧-៣០ តោនក្នុង ១ ហិកតាអាស្រ័យលើការថែទាំ។កន្លងទៅ ផ្លែមៀនរបស់កម្ពុជា ត្រូវបាននាំចេញទៅចិនបាន តាមរយៈ ក្រុមហ៊ុនរបស់ប្រទេសថៃតែប៉ុណ្ណោះ ដោយសារតែបញ្ហាលក្ខខណ្ឌភូតគាមអនាម័យ ធ្វើឱ្យកម្ពុជា មិនអាចនាំចេញមៀនទៅចិនដោយផ្ទាល់បាន៕