ភ្នំពេញៈ ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(អាស៊ីគូដា) (Automated System for Customs Data-ASYCUDA) ជំនាន់ថ្មី ៤.៣.៣ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃចន្ទនេះ ត្រូវរំពឹងថា នឹងជួយធ្វើឱ្យការបំពេញបែបបទបញ្ចេញទំនិញពីគយ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចុះកាលបរិច្ឆេទនាថ្ងៃទី១៧ ខែមិថុនា ឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់បន្ថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចការសម្រួលពាណិជ្ជកម្មស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំរួចរាល់នូវការធ្វើវិសិដ្ឋកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(អាស៊ីគូដា) ជំនាន់ ៤.៣.៣ សម្រាប់បម្រើឱ្យការបំពេញបែបបទបញ្ចេញទំនិញពីគយ។
លិខិតបានបន្តថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឱ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យជំនាន់ ៤.៣.៣ ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ តទៅ៕