ភ្នំពេញៈ កម្ពុជាបានសម្រេចលើកចេញនូវបម្រាមនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា បន្ទាប់ពីបានពិនិត្យឃើញថា ស្ថានភាពនាំការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌាមានភាពធូរស្រាល និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាំចូលពីប្រទេសឥណ្ឌាកន្លងមក គឺអវិជ្ជមានមេរោគកូវីដ១៩ ទាំងអស់។
លិខិតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឱ្យដឹងថា យោងតាមស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមក រាជរដ្ឋាភិបាលសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា ដោយដាក់មកជំនួសវិញនូវ វិធានការបណ្តោះអាសន្នមួយចំនួន។
វិធានការទាំងនោះមានដូចជា គ្រប់ការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យ គឺតម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវ័រុសកូវីដ១៩ លើសាច់បង្កក និងនៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនពេលអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ ។
ទោះយ៉ាងណា លិខិតបានលើកដែរថា ៖«យោងតាមពេលវេលា និងការវិវត្តជាក់ស្តែង ការអនុវត្តលក្ខខណ្ឌទាំង ២ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញទាំងស្រុង ដោយផ្អែកលើស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បើរកឃើញថា អវិជ្ជមាន ជាបន្តបន្ទាប់»។
យោងតាម https://www.worldometers.info/ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ប្រទេសឥណ្ឌា បានតត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៩ ៨៨១ ៣៥២នាក់ ក្នុងនោះមានអ្នកស្លាប់ ៣៨៦ ៧៤០នាក់។ នៅក្នុងថ្ងៃទី១៩ អ្នកជំងឺកូវីដ១៩ ចំនួន ៥៨ ៥៨៨នាក់ត្រូវបានរកឃើញ៕