ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក សុខ ចិន្តាសោភា បាននិយាយថា កម្ពុជាបាននឹងខិតខំបង្កើននិរន្តរភាពបរិស្ថាន និងដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុសំដៅការកសាង «អាស៊ានបៃតង» និងអនាគតប្រកបដោយភាពធន់ និងបរិយាប័ន្ន។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (2ndMinisterial Conference of the OECD Southeast Asia Regional Programme) ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «អនាគតដែលផ្តោតលើមនុស្ស៖ ភាពជាដៃគូសម្រាប់អាស៊ានកាន់តែឆ្លាតវៃ បៃតង និងបរិយាប័ន្ន»(A human-centered future: Partnership for a smarter, greener and more inclusive ASEAN)។
ថ្លែងក្នុងបទអន្តរាគមន៍លើប្រធានបទ «ការធានាការស្តារឡើងវិញប្រកបដោយភាពបៃតងដើម្បីអាស៊ានដែលមានភាពធន់» ( Ensuring Green recovery towards a more resilient ASEAN) លោក សុខ ចិន្តាសោភា បានជម្រាបជូនអង្គសន្និសីទពីការចូលរួមជាមួយបណ្តាប្រទេសអាស៊ាន និងអង្គការ OECD របស់កម្ពុជាលើកិច្ចខិតខំបង្កើននិរន្តរភាពបរិស្ថាន និងដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ សំដៅការកសាង «អាស៊ានបៃតង» និងអនាគតប្រកបដោយភាពធន់ និងបរិយាប័ន្ន។
បន្ថែមពីលើនេះ លោក ក៏បានលើកឡើងនូវវិធានការជាក់ស្តែងមួយចំនួនដែលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញរួមមាន ១) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ២) ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលឈរលើសសរស្តម្ភចំនួន ៣ (3Rs) គឺ ១-ការស្តារឡើងវិញ (Recovery) ២-ការកែទម្រង់ (Reform) និង ៣-ការកសាងភាពធន់ (Resilience)។
ឯកឧត្តមបានបញ្ជាក់ថា៖«សម្រាប់សសរស្តម្ភការកសាងភាពធន់ រាជរដ្ឋាភិបាលពង្រឹងការត្រៀមខ្លួននិងឆ្លើយតប ដើម្បីធានាការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតលើការកសាងធនធានមនុស្ស, ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយរួមបញ្ចូលការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនិង ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងផងដែរ»។
ក្នុងឱកាសនោះ លោកក៏បានរំលេចពីច្បាប់ស្តីពីវិយោគថ្មីដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបញ្ញត្តិស្តីពីការលើកទឹកចិត្តនៃច្បាប់នេះបានចែងពីវិស័យនិងសកម្មភាពវិនិយោគចំនួន ១៩ ត្រូវបានទទួលការលើកទឹកចិត្ត ក្នុងនោះរួមមានការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ក៏ដូចជា ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។
សន្និសីទនេះផ្តល់ឱកាសជូនរដ្ឋមន្ត្រី និងអ្នកតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសមាជិកអង្គការOECDធ្វើការកំណត់អត្តសញ្ញាណបញ្ហាប្រឈមផ្នែកឌីជីថលបរិស្ថាន និងសង្គមដែលប្រទេសក្នុងតំបន់បាននិងកំពុងជួបប្រទះក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ និងពិភាក្សាអំពីការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព។សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើប្រធានបទចំនួន ២គឺ ការកសាងអាស៊ានដ៏ឆ្លាតវៃសម្រាប់អនាគតប្រកបដោយបរិយាប័ន្ន និង ការធានាការស្តារឡើងវិញប្រកបដោយភាពបៃតងដើម្បីអាស៊ានដែលមានភាពធន់។
សន្និសីទនេះមានការអញ្ជើញថ្លែងសន្ទុរកថាបើកដោយ លោក ឈឹង អ៊ីយុង(CHUNGEui-yong)រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ លោកស្រី ផនភិមុន កាន់ឆាណាឡាក់ (Pornpimol Kanchanalak) ប្រេសិតពិសេសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ និង លោក ម៉ាសៀស ខម៊ែន (Mathias CORMANN)អគ្គលេខាធិការអង្គការ OECD ដែលបានថ្លែងរំលេចពីតួនាទីដ៏មានសារៈសំខាន់របស់ប្រទេសជាសមាជិកអាស៊ានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក៏ដូចជាការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតរវាងអាស៊ាន និងអង្គការ OECD។
សូមជម្រាបថា កម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECDមានប្រទេសកូរ៉េ និងថៃ ជាសហប្រធាន នៅក្នុងដំណាក់កាលទី២នេះ ហើយសម្រាប់ដំណាក់កាលបន្ទាប់ ប្រទេសអូស្រា្តលី និងវៀតណាម នឹងធ្វើជាសហប្រធានក្នុងរយៈពេល ៤ឆ្នាំ៕