ភ្នំពេញ៖ ការវិនិយោគរបស់ប្រទេសជប៉ុនមកកម្ពុជា មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ គិតត្រឹមខែមករា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៤៧ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៩ ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី គម្រោងវិនិយោគរបស់ប្រទេសជប៉ុនភាគច្រើនកើតឡើងក្នុងវិស័យជាច្រើនដូចជា កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ និងទីផ្សារអាហារថ្ងៃត្រង់។ វិនិយោគិនជប៉ុនប្រហែលជាពង្រីកការវិនិយោគរបស់ពួកគេក្នុងវិស័យកសិកម្ម និង ផលិតកម្មសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសសមាជិក RCEP ចិន និងកូរ៉េ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលថ្មីៗនេះ (RCEP កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ)។
ចំណែកលោក កាន់ដាយូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន បានថ្លែងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា ទៅកាន់អ្នកវិនិយោគថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនប្រមាណជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅប្រទេសកម្ពុជា ភាគច្រើនផ្តោតលើវិស័យទូទៅដូចជា ធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម។
បើតាមលោក កាន់ដាយូហ្គូ ក្រុមហ៊ុនជប៉ុនជាង ២៥០ នេះគឺក្រុមហ៊ុនដែលបានចុះបញ្ជីនៅសមាគមទេ។ ប៉ុន្តែមានក្រុហ៊ុនច្រើនទៀតដែលកំពុងវិនិយោគនៅកម្ពុជា តែមិនបានចុះបញ្ជីជាមួយសមាគម។ក្នុងចំណោមក្រុមហ៊ុនជាង ២៥០ ក្នុងនោះមាន ២៥ ភាគរយវិនិយោគលើវិស័យកម្មមន្តសាល ២៥ ភាគរយវិនិយោគលើពាណិជ្ជកម្ម និងសេវាកម្ម និង ៥០ ភាគរយទៀតវិនិយោគលើវិស័យទូទៅ ដូចជាធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម។
លោក កាន់ដាយូហ្គូ បានបញ្ជាក់ថា ប៉ុន្តែបើគិតត្រឹមឆមាសទី១ ឆ្នាំនេះ មានក្រុមហ៊ុនហ៊ុនជប៉ុនថ្មីបានមកបោះទុនវិនិយោគនៅកម្ពុជាចំនួន ៨ ក្រុមហ៊ុន ហើយលោកសង្ឃឹមថា នៅឆ្នាំ២០២៣ ខាងមុខនេះ នឹងមានក្រុមហ៊ុនជប៉ុនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើរ។
គួរបញ្ជាក់ថា ចំណុចសំខាន់នៃកិច្ចប្រជុំនៅថ្ងៃទី២៦សីហានេះ គឺផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាទៅកាន់អ្នកវិនិយោគ ជាពិសេសអ្នកវិនិយោគជប៉ុន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ ម្យ៉ាងវិញទៀត វិនិយោគិនអាចជួបគ្នាទៅវិញទៅមក និងចូលរួមក្នុងទំនាក់ទំនងអាជីវកម្ម និងបណ្តាញស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា៕