ភ្នំពេញ៖ដើម្បីធ្វើឱ្យកាន់តែងាយស្រួលដល់អតិថិជនដែលនិយមចូលចិត្តការរស់នៅបែបស៊ីវីល័យ ការកម្មង់ទំនិញទំនើបៗ ថ្មីៗនេះធនាគារអេស៊ីលីដាបានដាក់ឱ្យដំណើការជាផ្លូវការនូវផ្សារអនឡាញនៅក្នុងកម្មវិធីអេបអេស៊ីលីដាម៉ូបាលរបស់ខ្លួន ដែលអតិថិជនអាចកម្មង់ទិញទំនិញ នៅហាងទំនិញទំនើបៗរាប់ពាន់កន្លែង ជាមួយនឹងការទទួលទំនិញទាន់ពេលវាលា ការបញ្ចុះតម្លៃនានា ភាពត្រឹមត្រូវតាមការបញ្ជាទិញ និង មានសុវត្ថិភាពទៀតផង។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានមានប្រសាសន៍ថាដោយមើលឃើញពីការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសការរស់នៅបែបស៊ីវីល័យនិងកាន់តែទាន់សម័យ ការនិយមកម្មង់ទំនិញតាមទីផ្សារអនឡាញកាន់តែពេញនិយម ធនាគារអេស៊ីលីដាបានខិតខំស្វែងរកនូវដំណោះស្រាយនៃបចេ្ចកវិទ្យាថ្មីៗដាក់ឪ្យដំណើការផ្សារអនឡាញអ៊ីសបក្នុងកម្មវិធីអេប អេស៊ីលីដាម៉ូ បាល អនុញ្ញាត្តិឱ្យអតិថិជនអាចធ្វើការបញ្ជាទិញទំនិញទំនើបៗបាន រាប់ម៉ឺនមុខ។
លោកស្រី ភាបានមានប្រសាសន៍ថា៖«ជាមួយមុខទំនិញរាប់ម៉ឺនមុខរបស់អ៊ីសបយើង នឹងឆ្លើយតបទៅនិងតម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជនមិនចាំបាច់ស្វែងរកហាងនានា។ មានតែផ្សារអនឡាញអ៊ីសបមួយរបស់អេស៊ីលីដាម៉ូបាលមួយគឺដូចជាមានផ្សារលក់ទំនិញទំនើបៗរាប់ម៉ឺនមុខនៅក្នុងដៃ»។
អតិថិជន និងសាធារណជន ចូលទៅទាញយកកម្មវិធីអេស៊ីលីដាម៉ូបាលនេះ តាមរយៈ App Store, Play Store, App gallery នោះអ្នកនឹងបានឃើញផ្សារអនឡាញដើម្បីប្រើប្រាស់ទិញទំនិញនានាតាមសេចក្តីត្រូវ ៕