ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាមេរិកប្រកាសដាក់ឱ្យដំណើការជាផ្លូវការនូវគម្រោង The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្មនៅកម្ពុជា។
លោករដ្ឋមន្ដ្រី វេង សាខុន រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារក្នុងរយៈ ពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។
លោកថា៖« ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង “កម្ពុជាហាវេស III” នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។ គម្រោងនេះត្រូវ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា»។
គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការ ងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យឯកជន។ តម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។
តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថានឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន ១០០លានដុល្លារ។
លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបាននិងកំពុងដើរតួនាទីក្នុងភាពជាដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ វិស័យកសិកម្មតាមរយៈ USAID ក្នុងនោះការអនុវត្តកម្មវិធី និងគម្រោងជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការកើនឡើងជា លំដាប់។
តាមរយ:គម្រោងនេះ លោករដ្ឋមន្ដ្រីបានបង្ហាញនូវសុទុដ្ឋិនិយមថាពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្មឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។
លោកបានបន្តថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិត ការបង្កើនផលិតភាព និងការប្រកួតប្រជែង ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល។ ដោយឡែក គម្រោងខាងលើពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រផ្នែកធន ធានថវិកាសម្រាប់ពង្រីកការវិនិយោគ និងផ្តល់បច្ចេកទេសផលិតដល់វិស័យឯកជន ពិសេសសហគមន៍កសិកម្មតាមរយ: ÷ ១. ការបង្កើនទុនវិនិយោគដើម្បីពង្រឹងផលិត ភាពកែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារលក់។ ២. ការពង្រឹងសមត្ថភាពកែច្នៃ និងសមត្ថភាពគ្រប់គ្រងកសិដ្ឋាន។ ៣. ការបង្កើនបរិមាណកសិផលចូលទីផ្សារ និង ៤. ការកែលម្អគុណភាព ពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យតាម រយៈការជំរុញឱ្យប្រើប្រាស់នូវបច្ចេក វិទ្យាសមស្រប និងនវានុវត្តន៍៕