ភ្នំពេញៈសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្នាំ២០៣០-២០៥០ តាមរយ:ការពង្រឹងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ពិធីចុះMoU ត្រូវបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ដោយ MoU នេះត្រូវបានចុះហត្ថលេខារវាងលោក គួក ហ្វីដេរ៉ូ អគ្គនាយកនៃវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។
លោក ចម ប្រសិទ្ធ បានបង្ហាញការសាទរយ៉ាងពេញទំហឹងចំពោះការចុះMoU នេះ និងមានជំនឿថាកិច្ចសហការណ៍នេះ នឹងរួមចំណែកក្នុងការជំរុញការរៀបចំវេទិកាវិទ្យាសាស្រ្ត អភិវឌ្ឍសមត្ថភាពបុគ្គលិក លើកតម្កើងគុណតម្លៃ នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
តាមរយៈ MoU នេះ ភាគីទាំង ២ នឹងធានាកិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍អត្ថប្រយោជន៍ទៅវិញទៅមកលើចំណុចអាទិភាពរួមគ្នាមួយចំនួនដូចជា ការស្រាវជ្រាវអនុវត្ត និងការអភិវឌ្ឍ, ការជំរុញលើកកម្ពស់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងព័ត៌មានវិទ្យា, ការបណ្ដុះបណ្ដាល និងការសិក្សាអំពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងព័ត៌មានវិទ្យា, ការអភិវឌ្ឍសមត្ថភាព ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍជំនាញបុគ្គលិក, ការអនុវត្តចំណុចសកម្មភាពផ្សេងៗទៀត ដែលទទួលបានការឯកភាពដោយគូភាគី៕