ភ្នំពេញ៖ ធនាគារអេស៊ីលីដាបានដាក់សម្ពោធជាផ្លូវការនូវសៀវភៅក្បាលភាគ២របស់ខ្លួននៅថ្ងៃទី១៦ ខែសីហា មានចំណងជើងថា«Beyond Borders, Beyond Banking» បន្ទាប់ពីសៀវភៅទី១ មានចំណងជើង« When There Was No Money » ត្រូវបានផ្សព្វផ្សាយនៅទីក្រុងញ្ញូវយ៉ក នៃសហរដ្ឋអេមេរិកនាពេលកន្លងមក។
បណ្ឌិត អ៊ិន ចាន់នី បានថ្លែងក្នុងពិធីសម្ពោធសៀវភៅ«Beyond Borders, Beyond Banking» ថាការណ៍ដែរធនាគាររបស់លោកសម្រេចដាក់ចំណងជើងដូច្នេះ ដោយសារតែនៅពេលមិនមានសាច់ប្រាក់គ្រប់គ្រាន់គឺដំណាក់កាលដំណើរការកម្ពុជាបានកំពុងកសាងស្តារ (rehabilitation)គឺមិនមានការប្រើប្រាស់ឥណទានច្រើនទេនៅក្នុងអំឡុងឆ្នាំ១៩៩០-២០០៣។
លោកថ្លែងបន្តទៀតថា ធនាគារអេស៊ីលីដាបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់ខ្លួនបានរៀបចំបោះពុម្ភសៀវភៅក្បាលភាគ២មានចំណង់ជើង«Beyond Borders, Beyond Banking ដែលមានន័យថា ហួសពីព្រំដែនកម្ពុជាហួសពីវិស័យធនាគារទៅទៀត ព្រោះក្នុងឆ្នាំ២០០៥ គឺជាឆ្នាំមានការរីកចម្រើនខ្លាំងនៅក្នុងវិស័យធនាគារ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖«នៅក្នុងឆ្នាំ២០០៨ យើងចាប់ផ្តើមពង្រីកហួសពីព្រំដែនកម្ពុជាគឺយើងបម្រើសេវានៅទៅប្រទេសឡាវ និងឆ្នាំ២០១៣ យើងបានពង្រីកសេវាទៅកាន់ប្រទេសមីយ៉ាន់ម៉ា(ភូមា)។ ហួសពីព្រំដែនកម្ពុជាគឺ យើងពង្រីកទៅដល់អាស៊ាន ហើយលើសពីវិស័យធនាគារ យើងបានចាប់ផ្តើមទៅ លើវិស័យមូលបត្រ នោះហើយគឺជាដំណើរការនៃការអភិវឌ្ឍរបស់ធនាគារ ជាមួយអតិថិជនព្រោះ យើងបានបោះផ្សាយភាគហ៊ុនគឺអតិថិជនជាម្ចាស់នៃភាគហ៊ុនិក ទើបបានជាយើងរីកចម្រើនជាមួយអតិថិជនរបស់យើង ដូច្នេះគាត់អាចប្រើសេវាហិរញ្ញវត្ថុ ហើយគាត់អាចធ្វើជាម្ចាស់ធនាគារតាមរយៈការវិនិយោគទិញភាគហ៊ុនរបស់ធនាគារនៅក្នុងផ្សារមូលបត្រ នោះឯងជាខ្លឹមសារសង្ខេបនៃការអភិវឌ្ឍរបស់ធនាគារត្រូវបានចង់ក្រងនៅក្នុងសៀវភៅភាគ២នេះ»។
លោកក៏បានគួសបញ្ចាក់ទៀតថា ហួសពីព្រំដែនគឺធនាការបានពង្រីកទៅកាន់បណ្តាប្រទេសនៅក្នុងអាស៊ាន ហើយពីវិស័យធនាគារគឺឈានចូលវិស័យមូលបត្រ ព្រមទាំងច្រើនជាងនេះគឺការផ្តល់សេវាចម្រុះ។
លោកបានថ្លែងថា៖«យើងបានផ្តល់សេវាមួយទៀតសម្រាប់ផ្តល់ឱកាសក្នុងចែករំលែកបទពិសោធន៍របស់ធនាគារ អេស៊ីលីដា ទៅដល់ប្រទេសលើសកលលោកដែលជាចំណែកនៃទស្សនកិច្ចសិក្សានៃវិទ្យាស្ថាន គឺបង់ថ្លៃសិក្សារយៈពេលខ្លី ហើយសៀវភៅនេះជាចំណែកមួយនៃសេវារបស់វិទ្យាស្ថាន»។
«ដូច្នេះសៀវភៅភាគ២នេះក៏មានគោលដៅដូចគ្នាដែរគឺសម្រាប់និស្សិតនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងសម្រាប់គ្រឹះស្ថាននៅលើសកលលោកដែលគាត់មកស្វែងយល់សិក្សាពីកម្ពុជា រួមទាំងអាជ្ញាធរនិយ័តកម្មនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរបស់ប្រទេសដទៃ»។ នេះបើយោងតាមការថ្លែងអះអាងរបស់បណ្ឌិត អ៊ិន ចាន់នី។
សូមបញ្ជាក់ផងដែរថា សម្រាប់សៀវភៅ «Beyond Borders, Beyond Banking »គឺត្រូវបានចំណាយទឹកប្រាក់អស់៦០ម៉ឺនដុល្លារ ដែលនឹងធ្វើការបោះផ្សាយចំនួន៣ម៉ឺនក្បាល។ សៀវភៅនេះត្រូវបានចងក្រងអំពីការអភិវឌ្ឍអេស៊ីលីដា នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ។ ហើយសៀវភៅនេះ មានបោះពុម្ភលក់នៅលើAmazon ដែលដែលធនាគារអេស៊ីលីដាមានដៃគូរសម្រាប់លក់៕