ភ្នំពេញៈ រដ្ឋាភិបាលសហព័ន្ធស្វីសបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ១៤៨លានដុល្លារដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងរយៈពេល៤ ឆ្នាំបន្ទាប់។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC។
នៅក្នុងកិច្ចប្រជុំរវាងភាគីកម្ពុជានិងភាគីស្វីសលើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥កាលពីថ្ងៃទី ៣ មិថុនា តាមវីដេអូខនហ្វ្រិន រវាងភាគីកម្ពុជាដឹកនាំដោយ លោក ឈៀន យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិង លោក ម៉ាកឈឹស ប៊ឺលី(Markus Buerli)នាយកទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍និងសហប្រតិបត្តិការ(SDC)ប្រចាំនៅកម្ពុជា និងមន្រ្តីជំនាញនៃទីភ្នាក់ងារSDCប្រមាណ ៦០ នាក់។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ ២០២២-២០២៥ភាគីស្វីសនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ១៣៣ លានហ្វ្រង់ស្វីល(១៤៨ លានដុល្លារ) ដែលជំនួយនេះបែកចែងជា ២ កម្រិតគឺកម្រិតប្រទេស(កម្ពជា និងឡាវ) និងកម្រិតតំបន់។
សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងនោះ ស្វីលនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ៥២ លានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំ(២០២២-២០២៥) ឬប្រមាណ ១៣ លានដុល្លារក្នុង១ឆ្នាំដើម្បីគាំទ្រការអនុវត្តកម្មវិធីសហប្រតិបត្តិការថ្មីនេះនៅកម្ពុជា។
យោងតាមប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជាចន្លោះពីឆ្នាំ ២០០០-២០២០ ស្វីលបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាសរុប ១៤២ លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា។នេះបើតាម CDC៕