ហ្សឺណែវ ប្រទេសស្វីស៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានស្នើសុំឲ្យអង្គការ UNCTAD បន្តជួយដល់កម្ពុជាក្នុងការសិក្សាដើម្បីរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កម្ពុជា ស្ដីពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងទីផ្សារនាំចេញ កសាងសមត្ថភាពរបស់សហគ្រាសកម្ពុជា ការប្រែក្លាយឌីជីថល។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។
លោក សុភ័ក្ត្រ បានថ្លែងអំណរគុណចំពោះអង្គការ UNCTAD ដែលបានជួយគាំទ្រកម្ពុជាកន្លងមក ជាពិសេសក្នុងដំណើរការនៃការសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០០៤។ ការគាំទ្ររបស់អង្គការ UNCTAD ក្នុងការងារនេះ បានអនុញ្ញាតឲ្យកម្ពុជាទាញយកផលប្រយោជន៍ជាច្រើនពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លោកបានជម្រាបជូនលោកស្រី Rebecaផងដែរថា៖« កម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ចាកចេញពីប្រទេសអភិវ្ឍន៍តិចតួច (LDC) កម្ពុជាចាំបាច់ត្រូវរៀបចំជាយុទ្ធសាស្ត្រ និងគោលនយោបាយសម្រាប់ប្រទេស ដើម្បីធានាបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោយពីបាត់បង់ភាពអនុគ្រោះនានាដែលកម្ពុជាធ្លាប់ទទួលបានក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច»។
«ក្នុងន័យនេះ កម្ពុជាស្នើសុំឲ្យអង្គការ UNCTAD បន្តជួយដល់កម្ពុជាក្នុងការសិក្សាដើម្បីរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កម្ពុជា ស្ដីពីការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច រួមមានការប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច (Structural Transformation) ការពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មទំនិញនាំចេញ និងទីផ្សារនាំចេញ កសាងសមត្ថភាពរបស់សហគ្រាសកម្ពុជា ការប្រែក្លាយឌីជីថល ។ល។
លោកស្រីអគ្គលេខាធិការ បានថ្លែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់កម្ពុជា ហើយអង្គការ UNCTAD ពិតជាមានមោទនភាពដែលបានចូលរួមវិភាគទានដល់ការអភិវឌ្ឍន៍នេះ។ លោកស្រីបានទទួលយកសំណើររបស់កម្ពុជា ព្រមទាំងសន្យាថានឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អរវាងអង្គការ UNCTAD និងកម្ពុជាបន្តទៀត៕