ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសអំពាវនាវដល់អាជីវករ និងពាណិជ្ជករក្នុងស្រុកចូលរួមពិព័រណ៍ផលិតផលកាហ្វេ និងភោជនីយដ្ឋានអាស៊ី ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ ក្នុងប្រទេសសិង្ហបូរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនានេះ ការរៀបចំពិព័រណ៍ផលិតផលកាហ្វេ និងភោជនីយដ្ឋានអាស៊ី ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Singapore, Hall-B & C សិង្ហបូរី ដោយក្រុមហ៊ុនរៀបចំសេវាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មរបស់សិង្ហបូរី (Conference & Exhibition Management Services Pte Ltd-CEMS)។
ក្រសួងបានឱ្យដឹងទៀតថា ការរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ក្រុមហ៊ុន CEMS របស់ប្រទេសសិង្ហបូរី នឹងរៀបចំជា ២ ទម្រង់ ដើម្បីផ្តល់ជម្រើសដល់អ្នកចូលរួមគឺ៖
-ទី១៖ ការចូលរួមដោយផ្ទាល់នៅសិង្ហបូរី ដោយអ្នករៀបចំកម្មវិធីបានផ្តល់ទីតាំងដល់ប្រទេសកម្ពុជាចំនួន ៣៦ ម៉ែត្រការ៉េ ក្នុងនោះ ៩ ម៉ែត្រការ៉េ ផ្តល់ជូនស្ថានទូតកម្ពុជា ប្រចាំនៅសិង្ហបូរី ដោយឥតគិតថ្លៃសម្រាប់ផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍ និង ២៧ ម៉ែត្រការ៉េ ស្នើនឹង ៣ ស្តង់ ជូនក្រុមហ៊ុនមកពីកម្ពុជា សម្រាប់ផ្សព្វផ្សាយផលិតផលកាហ្វេ និងផលិតផលផ្ទះបាយដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ដោយត្រូវបង់កម្រៃស្តង់ចំនួន ១៥,៦៦០ ដុល្លារសិង្ហបូរី ស្មើនឹង ១១,៦០០ ដុល្លារអាម៉េរិក (ស្តង់មួយមានតម្លៃ ៣,៨៦៦ ដុល្លារអាម៉េរិក)។
-ទី២៖ ចូលរួមតាមប្រព័ន្ធអនឡាញ (Virtual Platform) អ្នកចូលរួមត្រូវបង់កម្រៃជាកញ្ចប់ចំនួន ១,៥០០ ដុល្លារសិង្ហបូរី ស្នើនឹង១,១១០ ដុល្លារអាម៉េរិក ក្នុងមួយក្រុមហ៊ុន។
ក្រសួងថា លោក លោកស្រីដែលជាម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេ និងផលិតផលផ្ទះបាយ ដែលមានចំណាប់អារម្មណ៍ និងមានបំណងស្វែងរកដៃគូផ្គត់ផ្គង់នៅទីផ្សារសិង្ហបូរី ឬទីផ្សារក្នុងតំបន់ សូមទំនាក់ទំនងដោយផ្ទាល់ទៅលោកស្រី Roberto Pozzi អ្នកគ្រប់គ្រងព្រឹត្តិការណ៍តាមរយៈទូរស័ព្ទ (៣៩) ៣៤៧ ១២៧ ២៥១២ ឬអ៊ីម៉ែល roberta@cems.com.sg ឬ ធ្វើទំនាក់ទំនងមកមន្ត្រីសម្របសម្រួល កញ្ញា តុង រីត្តា ប្រធានការិយាល័យ នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@gmail.com ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូត ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ជាកំណត់៕