សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Total Cambodge ស្តីពីការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ។
ពិធីនេះធ្វើឡើងរវាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Asif IQBAL នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Total Cambodge ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យក៏បានសម្តែងអំណរគុណ និងកោតសរសើរពីការចូលរួមចំណែករបស់ក្រុមហ៊ុន Total Cambodge ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមចំណែកទៅលើសកម្មភាពជាច្រើនក្នុងប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន។
«ការចុះកិច្ចព្រមព្រៀងក្នុងការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយទេសភាព បរិស្ថាន ធម្មជាតិ និងប្រាសាទ ក៏ដូចជាកាត់បន្ថយឧស្ម័នពុលនៅក្នុងរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ» នេះបើយោងតាមអាជ្ញាធរជាតិអប្សរា៕