ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ មកនេះ ធនាគារ អេស៊ីលីដា បានប្រារព្ធពិធីផ្គូផ្គងអាជីវកម្មជាមួយ JCA (សមាគមជប៉ុន-កម្ពុជា) នៅទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដា ផ្ទាល់ ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត អ៉ិន ចាន់នី និងឯកឧត្តម Takahashi, Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា) ។
នៅក្នុងពិធីផ្គូផ្គងអាជីវកម្មជាមួយ JCA (សមាគមជប៉ុន-កម្ពុជា) ឬ Business Matching with JCA (JAPAN-Cambodia Association) លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ៖ «ការផ្គូផ្គងអាជីវកម្មនាឱកាសនេះ បានជួយឱ្យវិនិយោគិនបរទេស ស្វែងយល់បន្ថែមអំពីឱកាសវិនិយោគ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងទំនាក់ទំនងជាមួយអ្នកវិនិយោគក្នុងស្រុក ហើយនេះក៏ជាវេទិកាមួយសម្រាប់វិនិយោគិន ក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ទទួលបានព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច ហើយសំខាន់បំផុតគឺមកមើលប្រទេសកម្ពុជាដោយផ្ទាល់» ។
លោកបណ្ឌិត អ៉ិន ចាន់នី បានបន្ថែមថា ប្រទេសកម្ពុជា គឺជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ ដោយសារច្បាប់វិនិយោគគាំទ្រ ការគ្រប់គ្រងល្អនៃជំងឺកូវីដ-១៩ អត្រាចាក់វ៉ាក់សាំងខ្ពស់ និងអត្រាឆ្លងទាប ដែលនាំឱ្យសេដ្ឋកិច្ចងើបឡើងវិញកាន់តែរឹងមាំ និងការចល័តសង្គមកាន់តែច្រើន ។ សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា 5.3% ក្នុងឆ្នាំ 2022 និង 6.5% នៅឆ្នាំ 2023 ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
ជាមួយនឹងការព្យាករណ៍សុទិដ្ឋិនិយមនៃកំណើនសេដ្ឋកិច្ច និងការចល័តសង្គមកាន់តែច្រើន លោកបណ្ឌិត អ៉ិន ចាន់នី ជឿជាក់យ៉ាងមុតមាំថា វិនិយោគិននឹងអាចស្វែងរកឱកាសវិនិយោគសមរម្យ នៅក្នុងបរិយាកាសដែលអំណោយផលដល់កំណើន ហើយសហគ្រិនក្នុងស្រុកអាចស្វែងយល់បន្ថែមពីភាគីក្រៅប្រទេសរបស់ពួកគេ ។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធី Business Matching with JCA (JAPAN-Cambodia Association) មានការអញ្ជើញចូលរួមពីបណ្តាក្រុមហ៊ុនចម្រុះខាងកម្ពុជា ២៩ ក្រុមហ៊ុន និងខាងជប៉ុន ២៤ ក្រុមហ៊ុនផងដែរ ។ ធនាគារ អេស៊ីលីដា និងសមាគមជប៉ុន-កម្ពុជា បានសម្រេចអោយមាន ១ ឆ្នាំម្តង ប៉ុន្តែដោយសារបញ្ហាកូវីដ ពិធីជួបជុំនេះត្រូវបានផ្អាក ជិត ២ ឆ្នាំ ។ ទើបតែក្នុងឆ្នាំ ២០២២ នេះ ជាការជួបជុំលើកទី ២ ។ ការជួបគ្នានាពេលនេះផងដែរ គឹដោយសារកម្ពុជា បានអនុវត្តន៍ នយោបាយចាក់វ៉ាក់សាំងជូនទាំងពលរដ្ឋកម្ពុជានិងជនបរទេសនៅកម្ពុជា ដែលនេះជាអំណោយផលល្អ សម្រាប់លំហូរវិនិយោគិន ជប៉ុន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ៕