ភ្នំពេញ៖ បរធនបាលកិច្ចហិរញ្ញវត្ថុ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនិកធំជាងគេរបស់ធនាគារ អេស៊ីលីដា កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសជាផ្លូវការអំពីការ កាន់កាប់ភាគហ៊ុនចំនួន ៦.០៤៧.០៤៦ភាគហ៊ុន ស្មើនឹង ២៣,៣៩១០% នៃភាគហ៊ុនសរុបរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា។
បណ្ឌិត អ៊ិន ចាន់នី ប្រធានក្រុមប្រឹក្សាបរធនបាល អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ បានមានប្រសាសន៍ថា ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នៅ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺមានសក្តានុពលពាណិជ្ជកម្មខ្លាំងរយៈពេលវែង ដូចគ្នានឹងការវិនិយោគនៅក្នុងវិស័យផ្សេងៗ ដែរ។ មិនតែប៉ុណ្ណោះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា អាចឆ្លើយតបគ្រប់តម្រូវការ សម្រាប់ធុរកិច្ចជនគ្រប់វិស័យ ក្នុងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ។
បណ្ឌិត ផុន ណារិន នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា កាន់កាប់អគារផ្ទាល់ខ្លួន មានលក្ខណៈស្តង់ដារ និងធំទូលាយ “ជាថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព” មានមោទនភាពយ៉ាងក្រៃលែង ដែលមានធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមេ បានវិនិយោគក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា ដោយឈរលើបទពិសោធន៍ជោគជ័យរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នូវក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈ ស្របតាមអនុសាសន៍របស់ បណ្ឌិត អ៊ិន ចាន់នី “ការហ្វឹកហ្វឺនជាកត្តាអាទិភាពទី១ ដើមទុនជាកត្តាអាទិភាពបន្ទាប់”។
អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាភាគហ៊ុនស្ថាបនិកដ៏មានសក្តានុពលធំមួយ តាំងពីចាប់ផ្តើមបង្កើត អេស៊ីលីដា និងបានរួមចំណែកបង្កើតភាពជោគជ័យជាច្រើនដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី បច្ចុប្បន្ន បានក្លាយជាភាគហ៊ុនិករបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ នឹងគាំទ្រដល់វិទ្យាស្ថាននៅក្នុងអភិបាលកិច្ចសាជីវកម្ម ដើម្បីកសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែរឹងមាំ ពង្រឹងសមត្ថភាពសាស្រ្តាចារ្យ និងនិស្សិត តាមរយៈការដឹកនាំដោយផ្ទាល់ ពីតំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និងគាំទ្រដល់ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕