ភ្នំពេញ៖ ក្រសួងទេសចរណ៍កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។
សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖
១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុង ការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិ ទស្សនា តំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍ និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។
២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។
៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។
៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។
គួរជម្រាបថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើន ទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបាន ទេសចរអន្តរជាតិ ចំនួន៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ៕