ភ្នំពេញ៖ អាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត៩០ភាគរយ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ៤០លានដុល្លារអាម៉េរិក។
យោងតាមទំពរ័ផ្លូវការរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃទី ២១ខែមិថុនា ឆ្នាំ២០២១បានសរសេរថា ថ្ងៃនេះកម្ពុជាបានចាប់ផ្តើមបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ។
លោកបានសរសេរថា ការបើកដំណើការនេះ បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។
លោកនាយករដ្ឋមន្ត្រីបានសរសេរបន្តទៀតថា៖«ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
លោក ស៊ុយ សែម ដែលបានធ្វើជាអធិបតីភាពក្នុង ពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះមានប្រសាសន៍ថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក។
លោកបានបញ្ជាក់ថា៖« នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ»។
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចេញសារជូនជនរួមជាតិអំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ដោយខ្លឹមសារបានបញ្ជាក់ថា “អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ។
លោកថា៖«ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ»៕