ភ្នំពេញៈ កម្ពុជាបាននាំចេញស្រូវ-អង្ករ ក្នុងបរិមាណសរុបជាង ៣,៦លានតោន នារយៈពេល ១១ខែឆ្នាំ២០២១ ដោយមានតម្លៃសរុប ១ ០០១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករក្នុងបរិមាណសរុប ៥៣២ ១៧៩តោន ថយចុះ ១១,៤៦ភាគរយបើធៀបនឹងរយៈពេល ១១ខែឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន។ ប្រាក់ដែលទទួលបានពីការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារ។ ចំណែកការនាំចេញស្រូវ ក្នុងរយៈពេលខាងលើសម្រេចបាន ៣ ១២៣ ២៤២តោន(ទៅកាន់ប្រទេសវៀតណាម) កើនឡើង ៧៥,៧៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ទឹកប្រាក់ទទួលបានពីការនាំចេញស្រូវ មានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារ
សម្រាប់ទីផ្សារទទួលទិញអង្ករពីកម្ពុជា រួមមាន សហភាពអឺរ៉ុប(២២ប្រទេស) ១៣៤ ៤៣៨តោន ថយចុះ ២៨,៦៦ភាគរយ, ប្រទេសចិន ២៦៥ ២៤៤តោន កើនឡើង ១២,៩០ភាគរយ, តំបន់អាស៊ាន(៧ប្រទេស) ៥៤ ៣៥០តោន ថយចុះ ៣០,៥១ភាគរយ និងទិសដៅដទៃទៀត(២៤ប្រទេស)មានបរិមាណ ៧៨ ១៤៧តោន ថយចុះ ២១,៤៣ភាគរយ។ អង្ករនាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទ ៣៨៩ ៩១២តោន ស្មើនឹង៧៣,២៧ភាគរយ អង្ករសគ្រប់ប្រភេទ ១៣២ ៦៧៥តោន ស្មើនឹង ២៤,៩៣ភាគរយ និងអង្ករចំហុយ ៩ ៥៩២តោន ស្មើនឹង ១,៨០ភាគរយ។
កាលពីឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ កើនឡើង ១១,៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕