ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំអង្ករចេញប្រមាណ២៨០ ៤៥០តោន មានតម្លៃស្មើនឹង ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិកក្នុងឆមាសទី១ ឆ្នាំ២០២១នេះទៅកាន់ទីផ្សារគោលដៅចំនួន៤៩ នៅលើសកលលោកជាពិសេសទីផ្សារចិន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ខណះដែរចំនួនទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។
ទីផ្សារសំខាន់ៗដែលកម្ពុជា បាននាំចេញគឺរួមមាន ទី១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ ដែលបានស្រូបទាញប្រមាណ ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ទី២). ប្រទេសបារាំង ១០.៥០% ស្មើ ២៩ ៤៣៤ តោន ទី៣). ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨តោន ទី៤). ប្រទេស ម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩ ០៣០តោន និងទី៥). ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន។
សម្រាប់ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករក្រអូបប្រណីតមាន៣៧.៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១.២២ %៕