ភ្នំពេញ៖ ភ្ញៀវទេសចរសរុបជាង ២លាននាក់បានដើរកម្សាន្តទៅកាន់រមណីដ្ឋាននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែមករាឆ្នាំ២០២២ កើនឡើងជាង៧៤ភាគរយ បើធៀបនឹងការឆ្លងឆ្នាំកាលពីដើមឆ្នាំ២០២១ ។
បើយោងតាមក្រសួងទេសចរណ៍ ឆ្នាំ២០២២នេះថា ចំនួនភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនៅក្នុងអំឡុងពេលឆ្លងឆ្នាំសកល២០២២នេះ ក្នុងរយៈពេលថ្ងៃមានប្រមាណជាង២លាននាក់ ដែលចំនួននេះមានការកើនឡើងលើសពីការរំពឹងទុករបស់ក្រសួងទេសចរណ៍។
បើយោងតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប ខេត្តនេះទទួលបានទេសចរសរុបចំនួនប្រមាណ ២៨៧.៨៣៧នាក់ ក្នុងនោះ ទេសចរជាតិមានចំនួនប្រមាណ ២៨៧.០០០ នាក់ ដោយមានភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៦៥-៧៥ភាគរយ។
ភ្ញៀវទេសចរភាគច្រើន បានទៅកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរមានប្រមាណដ ដែលមានប្រមាណ ២៤៧.០០០ នាក់ ក្រៅពីនេះបានទៅរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ១៤.៤០០ នាក់ ,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥.៦០០ នាក់។
តាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍នានានៅទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល ដោយក្នុងនោះ សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០% ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្សេងៗក៏បានបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញកាន់តែច្រើនឡើង៕