ភ្នំពេញៈរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal)ដំណាក់កាលទី២ ជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះ។
សេចក្តីប្រកាសព័ត៌មានបន្តថា កម្មវិធីនេះ ក្រោមអធិបតិភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីក្រសួង-ស្ថាប័ន សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថានទូត និងគ្រឹះស្ថានសិក្សាមួយចំនួនទៀត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងដំណាក់កាលពី២នេះ ប្រព័ន្ធនេះនឹងពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញទៅតាមសកម្មភាពអាជីវកម្មពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។ ក្រសួង-ស្ថាប័នទាំង ៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារដែលទើបនឹងបង្កើតកាលថ្មីនេះ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖«នេះគឺជាការកែទម្រង់មុតស្រួច ជាកញ្ចប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ»។
រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Single Portal) កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។ ក្រសួង និងស្ថាប័នរដ្ឋចំនួន ៦ ដែលចុះបញ្ជីក្នុងប្រព័ន្ធនេះ រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គិតត្រឹមថ្ងៃទី ១៤ ខែមិថុនាដែលមានរយៈពេល១ឆ្នាំគត់ ពាក្យស្នើសុំចំនួន ៦ ១៦៤ ត្រូវបានអនុម័តជាមួយនឹងទំហំដើមទុនសរុប ២ ៦៣១ លានដុល្លារ។នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕