ភ្នំពេញ៖ លោកទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Alasdair Scott បានមានប្រសាសន៍ថា បេសកកម្មមាត្រាទី IV ជាបេសកកម្មតាមដាននិងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ IMF ដើម្បីផ្ដល់ជូនអនុសាសន៍គោលនយោបាយដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ នាឱកាសនោះ ឯកឧត្ដម ទេសាភិបាលបានស្វាគមន៍និងថ្លែងអំណរគុណដល់ក្រុមបេសកកម្មមាត្រាទី IV របស់ IMF និងបានជម្រាបជូនពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២។ ឯកឧត្ដម ទេសាភិបាល បានជម្រាបជូនថា សេដ្ឋកិច្ចកម្ពុជារំពឹងថាមានកំណើនក្នុងរង្វង់ ៥% ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីជានៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង ៥%។
ទុនបម្រុងអន្តរជាតិកម្ពុជាបន្តរក្សាបានក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវា ដែលខ្ពង់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមានគឺ ៣ខែ។ ចំពោះតម្លៃប្រាក់រៀល អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកមានស្ថិរភាពល្អប្រសើរ ដោយមានកម្រិតមធ្យមប្រហាក់ប្រហែលនឹងគ្រាដូចគ្នាក្នុងរយៈពេល ៨ខែ ដំបូងឆ្នាំ២០២១ ក្រោមបរិការណ៍ដែលសកម្មភាពសេដ្ឋកិច្ចងើបឡើងជាលំដាប់។
ស្ថិរភាពអត្រាប្ដូរប្រាក់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអំណាចទិញរបស់ចំណូលប្រជាជន ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា។ ចំពោះប្រព័ន្ធធនាគារ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តមានសុខភាពល្អ និងមានភាពធន់នឹងវិបត្តិ ព្រមទាំងបានចូលរួមកាត់បន្ថយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលងើបឡើងវិញ។
ប្រព័ន្ធធនាគារបានបន្តផ្តល់ឥណទានដល់វិស័យឯកជន ជាមួយនឹងកំណើន ២៣% ហើយក៏បានកៀគរប្រាក់បញ្ញើ ដោយមានកំណើន ១៦% ផងដែរ។ ឥណទានរបស់ប្រព័ន្ធធនាគារបានគាំទ្រការវិនិយោគនៅគ្រប់វិស័យសេដ្ឋកិច្ច ហើយធនាគារជាតិនៃកម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងប្រុងប្រយ័ត្ន លើហានិភ័យនានាជាប្រចាំ។
ក្រោមការអនុវត្តកម្មវិធីរៀបចំឥណទានឡើងវិញ ប្រព័ន្ធធនាគារបានរៀបចំឥណទានដល់ក្រុមហ៊ុន សហគ្រាស និងឯកត្តបុគ្គល ដែលរងផលប៉ះពាល់ពីវិបត្តិ ដែលជួយរក្សានិរន្តរភាពនៃអាជីវកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះ ប្រព័ន្ធទូទាត់ក៏ត្រូវបានធ្វើទំនើបកម្ម ផ្អែកលើបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធបាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដើម្បីបង្កើនប្រសិទ្ធភាពការទូទាត់អេឡិចត្រូនិកនៅកម្ពុជានិងការតភ្ជាប់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
លោកទេសាភិបាលបានថ្លែងអំណរគុណចំពោះ IMF ដែលបានជួយផ្តល់ជាអនុសាសន៍គោលនយោបាយនិងជំនួយបច្ចេកទេស ដែលកត្តាទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស៕