ដោយ÷វីរះ យុទ្ធ
ភ្នំពេញៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងស្វែងរកដំណោះស្រាយឲ្យបានឆាប់រហ័សជុំវិញបណ្តាញសង្គម YouTube ដែលប្រតិបតិការជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Google បានសម្រេចផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសនៅប្រទេសកម្ពុជា រួមទាំង បណ្តាប្រទេស ៩០ ផ្សេងទៀតនៅជុំវិញពិភពលោក កាលពីថ្មីនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឲ្យដឹងថា YouTube បានផ្អាកការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថាក្រុមហ៊ុនកំពុងកែសម្រួលគោលការណ៍ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ“កម្មវិធីភាពជាដៃគូ” (YouTube Partner Program)នៅក្នុងប្រទេសដែលជាដៃគូទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន។
សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀថា ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន“កម្មវិធីភាពជាដៃគូ”។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «តាមការពិនិត្យជាបឋមរបស់ អ្នកតំណាង YouTube ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើនក្នុងការទទួលបាន“កម្មវិធី ភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះត្រូវការពេលវេលាក្នុងការរៀបចំ និងចូលរួមសហការពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ»។
សេចកត្តីប្រកាសព័ត៌មានបន្ថែមថា ការផ្អាកផ្សាយពាណិជ្ជកម្មនេះបានធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ប៉ុន្តែអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ក្រសួងសូមលើកទឹកចិត្តឱ្យមានការផលិតមាតិកាល្អៗ ដោយគោរពតាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់ អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័ស»៕