ភ្នំពេញៈ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យបញ្ចេញលក់សាច់បង្កក និងមុខទំនិញបង្កកពីប្រទេសមានហានិភ័យខ្ពស់នៅលើទីផ្សារកម្ពុជាឆាប់ៗនេះ បន្ទាប់ពីគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩បានធ្វើតេស្តឃើញថា លទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩ គឺមានកម្រិត“វិជ្ជមាន”តិចតួចបំផុត ។
ក្នុងកិច្ចប្រជុំនៃគណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័យខ្ពស់ មានប្រភពពីប្រទេសមានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ១៩ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ (Zoom) កាលពីថ្ងៃទី២០ ខែតុលាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ច បានលើកឡើងថាក្នុងចំណោមទំនិញសាច់បង្កកនាំចូលចំនួន ១៥០ កុងតែន័រ ដែលជាមុខសញ្ញាធ្វើតេស្តរកវីរុសកូវីដ១៩ កន្លងមក គឺមានតែ ៣ កុងតឺន័រប៉ុណ្ណោះដែលបានរកឃើញ«វិជ្ជមាន» និងត្រូវបានដុតបំផ្លាញចោលកាលពីចុងខែកក្កដា ឆ្នាំ២០២១។
លោកបន្តថា ទន្ទឹមនឹងនេះក្រុមការងារតាមដាននិងវាយតម្លៃពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសសំខាន់ៗ ដែលនាំចេញមុខទំនិញសាច់បង្កកមកកម្ពុជា ក៏បានធ្វើរបាយការណ៍ដោយបញ្ជាក់ថា អត្រានៃការឆ្លងនៅប្រទេសទាំងនោះបានធ្លាក់ចុះយ៉ាងច្រើន ដែលជាកត្តាកាត់បន្ថយហានិភ័យនៃវត្តមានវីរុសកូវីដ១៩ លើសាច់បង្កកនាំចូលមកកម្ពុជា។
ជាលទ្ធផលអង្គប្រជុំបានឯកភាព និងសម្រេចធ្វើសំណើស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ដឹកនាំលើចំណុចមួយចំនួនដូចជា ដកចេញការតម្រូវឱ្យយកសំណាកសាច់បង្កកនាំចូលមកពីប្រទេសឥណ្ឌាទៅធ្វើតេស្តរកវីរុសកូវីដ១៩,រក្សាការតម្រូវឱ្យមានវិញ្ញាបនបត្រឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ១៩ លើសាច់បង្កកចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសឥណ្ឌា,បន្តអនុវត្តត្រឹមវិធានការអនាម័យ និងវិធានការសុខាភិបាលលើទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ, និងវិធានការកែសម្រួលនេះនឹងអនុវត្តចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តទៅ។
កិច្ចប្រជុំក៏បានសម្រេចទៀតថា ក្នុងករណីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសនាំចេញកាន់តែធូរស្រាល វិធានការខាងលើនេះនឹងអាចដកចេញទាំងស្រុងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ ។
ប្រទេសកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចផ្អាកការនាំចូលសាច់គោនិងទំនិញដែលបង្កទុកបានយូរពីប្រទេសឥណ្ឌា។ បម្រាមនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញប្រភេទសាច់បង្កក និងទំនិញបង្កកមួយចំនួនតូចមានវត្តមានវីរុសកូវីដ១៩ ពេលដឹកមកដល់ប្រទេសកម្ពុជា គ្រាដែលប្រទេសឥណ្ឌាកំពុងផ្ទុះរាលដាលកូវីដ១៩ធ្ងន់ធ្ងរ។
ទោះយ៉ាងណា លិខិតមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី ១៩ ខែមិថុនា បានសរសេរថា យោងតាមស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កកកន្លងមក រដ្ឋាភិបាលសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងទៀតមានប្រភពមកពីឥណ្ឌា ដោយដាក់មកជំនួសវិញនូវវិធានការបណ្តោះអាសន្នមួយចំនួន។
កម្ពុជាបាននាំចូលសាច់ក្របីតម្លៃ ១៧,៧ លានដុល្លារ ពីឥណ្ឌាកាលពីឆ្នាំ ២០២០ កើនឡើង ១៧០ ភាគរយធៀបនឹងឆ្នាំ ២០១៩៕