ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) ដើម្បីអនុវត្តការងារសម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយត្រូវអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ។
យោងតាមអនុក្រិត្យរបស់រដ្ឋាភិបាល គណៈកម្មការនេះ(គ.អ.ទ.ស) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប និងត្រូវអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
គោលដៅទេសចរណ៍អាទិភាព ចំនួន៦ ដែលនឹងស្ថិតនៅក្រោមការគ្រប់គ្រងគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) រួមមាន តំបន់ឧទ្យានជាតិភ្នំគូលែន, តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី,តំបន់បេតិកភណ្ឌអង្គរ, តំបន់ក្រុងសៀមរាប, តំបន់បឹងទន្លេសាប និង តំបន់ទេសចរណ៍សៀមរាបថ្មី។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបង្ហាញការជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នឹងជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាប សំដៅប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពសុវត្ថិភាព និងចីរភាព ព្រមទាំងជួយទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩។
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរនេះ មាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន និងមានអនុប្រធាន៣រូប លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអនុប្រធាន និងសមាជិកមកពីក្រសួងស្ថាប័នដទៃទៀត។
តាមរយៈផែនការមេនេះ ក្រសួងទេចរណ៍រំពឹងថា ខេត្តសៀមរាបរំពឹងនឹងអាចទាក់ទាញបានភ្ញៀវទេសចរជាតិបាន ១០,៩ លាននាក់នៅឆ្នាំ ២០២៣ និងភ្ញៀវទេសចរអន្តរជាតិ ៧,៥ លាននាក់នៅឆ្នាំ ២០២៥។ តាមរយៈនេះ រដ្ឋាភិបាលក៏មានចក្ខុវិស័យបង្កើតការងារឱ្យបាន ៩៤ ម៉ឺននាក់ និងប្រាក់ចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ ពាន់លានដុល្លារ៕