ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិញធានការជុំទី១០ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើ វិស័យ សំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ការ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយ ពីវិបត្តិ នៃ ជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ បានដាក់ចេញវិធានការបន្តជួយ ឧបត្ថម្ភប្រាក់ ៤០ ដុល្លារអាមេរិករយៈពេល ៣ ខែ បន្ថែមទៀត ពីខែតុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ សម្រាប់កម្មករ-និយោជិត ធ្វើការ វិស័យកាត់ដេរវាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ កាបូប ដែលទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិកសរុប ៧០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់១ នាក់។
សេចក្តីប្រកាសព័ត៌មានដែលបន្តថា រដ្ឋភិបាលក៏នឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញ ការងារក្នុងវិស័យទេសចរណ៍ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត ពីខែតុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។
រដ្ឋាភិបាលបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ពីខែ តុលា ដល់ ខែ ធ្នូ ឆ្នាំ ២០២១ ។ និង បន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម ។
ដោយឡែក ចំពោះ វិធានការបន្តជួយវិស័យអាកាសចរណ៍ គឺ រដ្ឋាភិបាលលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ៣ខែ បន្ថែមទៀត ចាប់ពី ខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា និង បន្តផ្តល់ការអនុគ្រោះចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិលដោយពន្យារយៈពេល ០៣ ខែបន្ថែមទៀត ចាប់ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២១ ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ ការសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី ១០នេះ ក្នុងគោលបំណង បន្តកាត់ បន្ថយផលប៉ះពាល់នៃវិបត្តិនៃជំងឺកូវីដ-១៩ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ក៏ដូចជាការដាក់ចេញ និង អនុវត្តវិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ក្នុងបរិបទនៃការបើកឡើងវិញ ជាបណ្តើរៗ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី និងបន្តសុពលភាព នៃវិធានការដែលបានដាក់ ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់សម្រាប់ការអនុវត្ត ៕