សៀមរាប៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថាប្រព័ន្ធឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩មកលើសេដ្ឋកិច្ច និងជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទ្រទ្រង់សកម្មភាពសាធារណៈ និងពាណិជ្ជកម្ម។
ការលើកឡើងរបស់រដ្ឋមន្រ្តីរូបនេះ អំឡុងពេលដែលលោកបានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមប្រធានបទ៖ “ការងើបឡើងវិញនៃសកម្មភាពពាណិជ្ជកម្ម៖ ការលើកកម្ពស់សេដ្ឋកិច្ចតំបន់ឡើងវិញ ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់” កាលពីថ្ងៃអង្គារ ទី២៩ ខែមិថុនា ។
លោកបានថ្លែងអំពីការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលតំបន់ ទៅកាន់មេដឹកនាំមកពីជុំវិញពិភពលោកអញ្ជើញចូលរួមក្នុងវេទិកានោះ ដោយលោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសារសំខាន់នៃប្រព័ន្ធឌីជីថល ក្នុងការកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីទ្រទ្រង់សកម្មភាពសាធារណៈ និងពាណិជ្ជកម្ម។
លោកថ្លែងយ៉ាងដូច្នេះថា៖« ប្រព័ន្ធឌីជីថល វាអាចជួយឱ្យរដ្ឋជាសមាជិកអាស៊ានធ្វើការរួមគ្នា ដើម្បីលើកកម្ពស់អាស៊ានជាសហគមន៍តភ្ជាប់ប្រព័ន្ធឌីជីថលតែមួយ និងជំរុញការតភ្ជាប់របស់ខ្លួន ដើម្បីពន្លឿនការងើបឡើងវិញនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
លោកក៏ បានគូសបញ្ជាក់បន្ថែមទៀតថា៖ «កម្ពុជាបានកំណត់អាទិភាពរបស់ខ្លួនក្នុងការជំរុញប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាបាននូវលំហូរដោយរលូននៃទំនិញ សេវា ការងារជំនាញ មូលធន និងទិន្នន័យ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវផ្តោតជាសំខាន់កិច្ចសហប្រតិបត្តិការច្បាប់ និងស្ថាប័ន ដើម្បីសម្របខ្លួនទៅនឹងបដិវត្តឌីជីថល សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងការអភិវឌ្ឍជំនាញកាន់តែមានប្រសិទ្ធភាពជាងមុន»។
ជាមួយគ្នានេះផងដែរ លោករដ្ឋមន្ត្រី រូបនេះក៏បានសង្កត់ធ្ងន់ថា៖ ដើម្បីសម្រេចចក្ខុវិស័យឆ្ពោះទៅរក សេដ្ឋកិច្ចឌីជីថលតំបន់ កម្ពុជាបានប្តេជ្ញាចាប់ផ្តើមអនុវត្តប្រព័ន្ធគយ ASYCUDA គម្រោងតភ្ជាប់ប្រព័ន្ធស្វយ័តប្រវត្តិកម្ម Port EDI ជាមួយប្រព័ន្ធ ASYCUDA ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធភាព បានអនុម័តច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច បានដាក់ឱ្យ ដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញ ច្រកចេញចូលតែមួយរបស់អាស៊ាន (Asean Single Window) ហើយជាពិសេសក្នុងពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានប្រកាសជាផ្លូវការនូវ ការអនុវត្តក្របខណ្ឌគោលនយោបាយសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ផងដែរ៕