ភ្នំពេញៈ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលដែក និងដែកថែប(Iron & Steel) ក្នុងតម្លៃទឹកប្រាក់ជាង ៨៤លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
នេះបើយោងតាមតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចូលដែក និងដែកថែប ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ មានតម្លៃសរុប ៨៤,០៨លានដុល្លារអាមេរិក កើនឡើង ៣,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមានទឹកប្រាក់ចំនួន ៨១,២៣លានដុល្លារអាមេរិក។ ដោយឡែកសម្រាប់ខែមីនា ឆ្នាំ២០២២ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប មានចំនួន ២៦,២៩លានដុល្លារ ធ្លាក់ចុះ ១២,១ភាគរយពីចំនួន ២៩,៩លានដុល្លារ បើធៀបនឹងខែមីនា ឆ្នាំ២០២១។
កាលពីខែដើមខែធ្នូ ២០២០ មានរោងចក្រផលិតដែកថែបមួយរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែលវិនិយោគដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ១៦,៧ លានដុល្លារបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលអាចមានសមត្ថភាពផលិតបាន ៥០០ ០០០ តោន ក្នុងដំណាក់កាលដំបូង។
ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសចំនួន ៤ ៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបានអនុម័ត។ ចំនួនទុនវិនិយោគនេះបើធៀបនឹងឆ្នាំ ២០២០ គឺថយចុះ ៣១,២១ ភាគរយ៕