ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយក្រសួងកសិកម្ម និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលគាំទ្រដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី នាថ្ងៃទី១៥ ខែកក្កដា បានប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ ដើម្បីជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។
សេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ឧបករណ៍នេះគឺជាសក្ខីភាពមួយទៀតដែលឆ្លុះបញ្ចាំងពីផ្លែផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលីលើការពន្លឿនសកម្មភាពជំរុញវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖ «ឧបករណ៍ចម្បងនេះនឹងរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម»។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សម្ដីលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា តុវិនិយោគកសិ-ចំណីអាហារ គឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានតែមួយគត់ដែលនឹងផ្តល់ព័ត៌មាននិងជួយវិនិយោគិនឱ្យច្បាមយកកាលានុវត្តភាពមិនទាន់ច្នៃនៃធនធានកសិកម្មកម្ពុជា និងទទួលបាននូវការលើកទឹកចិត្តដ៏ទាក់ទាញពីច្បាប់ស្តីពីវិនិយោគ។
លោកថ្លែងថា៖ «ក្រុមការងាររបស់យើងនឹងនៅជាមួយវិនិយោគិនគ្រប់ដំណាក់កាលដើម្បីធានានូវការទទួលបានផលចំណេញយ៉ាងឆាប់រហ័ស និងគាំទ្រដល់ជីវភាពដ៏ល្អប្រសើររបស់កសិករនិងក្រុមគ្រួសាររបស់ពួកគាត់»។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់សម្ដីលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាថា រដ្ឋាភិបាលអូស្ត្រាលីប្តេជ្ញាចិត្តគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។
លោកថ្លែងថា៖ «ការដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារ នាពេលនេះគឺជាសមិទ្ធផលថ្មីនិងជាសក្ខីភាពមួយដែលអូស្ត្រាលីបានចូលរួមជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ទាក់ទាញ និងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ចំណីអាហារ»។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បាន កោតសរសើរចំពោះកិច្ចសហការពីគ្រប់ដៃគូពាក់ព័ន្ធ ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានផ្តល់ការគាំទ្រទាំងបច្ចេកទេស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតត្រឹមខែមិថុនា ឆ្នាំ ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងកែច្នៃចំណីអាហារ ចំនួនប្រមាណ ៤០០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០,៣៣ ប៊ីលានដុល្លារអាមេរិក៕