ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាប្រមូលបានប្រាក់ជិត ៣,៧ពាន់លានដុល្លារពីការនាំចេញកសិផលមួយចំនួនទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១០ខែឆ្នាំ២០២១។
លោករដ្ឋមន្រ្តីរូបនេះបានបង្ហាញឱ្យដឹងទៀតថា លទ្ធផលនៃការនាំចេញកសិផលរបស់កម្ពុជា(មិនរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ ព្រៃឈើ ឈើកៅស៊ូ និងកៅស៊ូធម្មជាតិ) ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃ ៣ ៦៩២ ១៨៣ ១៨៩,៣៧ដុល្លារ ដែលទីផ្សារទទួលទិញផលិតផលពីកម្ពុជាមានចំនួន ៦៨ ប្រទេស។
សម្រាប់ប្រភេទមុខទំនិញសំខាន់ៗរួមមាន ការនាំចេញអង្ករ ទទួលបានទឹកប្រាក់ ៣៩២ ៩៨៤ ៣២៦ ដុល្លារ, ស្រូវ ៤៦៥ ៤៩៨ ២៥០ ដុល្លារ និងកសិផលផ្សេងទៀត ២ ៨៣៣ ៧០០ ៦១៣,៣៧ដុល្លារ។
លោកបានថ្លែងអះអាងយ៉ាងដូច្នេះថា៖«ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើន ៨៧,៥៣ភាគរយ ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២ភាគរយ រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៤,២០ភាគរយ ដោយសារតម្លៃនៃការដឹកជញ្ជូនទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានឹងកង្វះទូរកុងតេន័រ ទំហំ ២០ ហ្វិត សម្រាប់ផ្ទុកអង្ករ នាំចេញ»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មក្នុងតម្លៃសរុប ៤,៣៧ ពាន់លានដុល្លារ កើនលើសឆ្នាំមុន ៥០០ លានដុល្លារ៕