ភ្នំពេញៈ ការប្រមូលចំណូលពន្ធ-អាកររបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០២១ សម្រេចបានក្នុងទឹកប្រាក់ជាង ២,៧ពាន់លានដុល្លារ កើនលើសផែនការប្រចាំឆ្នាំជាង ២៤ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ(GDT)។
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធ ប្រចាំឆ្នាំ២០២១ បានឱ្យដឹងថា ទោះស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា នៅមិនទាន់មានភាពប្រាកដប្រជា ជាពិសេសក្នុងបរិការណ៍នៃការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ១៩ និងរលកនៃការរីករាលដាល និងវីរុសបំប្លែងថ្មីឥតឈប់ឈរនៃជំងឺកូវីដ១៩ ក៏ការប្រមូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅតែរក្សាបាននូវកំណើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងចាប់ពីខែមករា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែល GDT ប្រមូលបានមានចំនួន ២ ៧៨១,៩២លានដុល្លារ ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលតម្រូវឱ្យប្រមូលចំណូលឱ្យបានចំនួន ២ ២៤៣,០៧លានដុល្លារ ឃើញថាកើនលើសផែនការ ២៤,០២ភាគរយ ស្មើនឹងប្រាក់ប្រមាណ ៥៣៨,៨៥លានដុល្លារ។
ដោយឡែកសម្រាប់ចំណូលពន្ធ-អាករ ប្រចាំខែធ្នូ ឆ្នាំ២០២១ មានចំនួនជាង ២២១,៦៨លានដុល្លារ ស្មើនឹង ៩,៨៨ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
កាលពីឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ២ ៨៨៩,០២ លានដុល្លារ កើនឡើង ១០៤,៤៩ លានដុល្លារ ស្មើនឹង ៣,៧៣ ភាគរយធៀបនឹងឆ្នាំ២០១៩៕