ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នកម្ពុជាបាននឹងកំពុងដាក់ចេញយុទ្ធសាស្ត្រអាទិភាពចំនួន ៤ ក្នុងការចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ ដើម្បីឆ្ពោះទៅការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិនានា។
ថ្លែងក្នុងសារលិខិតចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ «ទេសចរណ៍ដើម្បីកំណើនប្រកបដោយបរិយាបន្ន» ដែលនឹងរៀបចំធ្វើនៅប្រទេសកូឌីវ័រ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខ លោក ហ៊ុន សែន បានឱ្យដឹងថា វិបត្តិជំងឺកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើគ្រប់ផ្នែកក្នុងវិស័យទេសចរណ៍នៅលើពិភពលោក ជាក់ស្តែងក្នុងឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិលើពិភពលោកបានធ្លាក់ចុះប្រមាណ ៧៣ភាគរយ ដែលធ្វើឱ្យប៉ះពាល់ ដល់ការងារផ្ទាល់ចន្លោះពី ១០០ទៅ១២០លាននាក់ និងការងារមិនផ្ទាល់ជាច្រើនរយលាននាក់ទៀត។ លោកបន្ថែមថា ដោយឡែកកម្ពុជា ចំនួនភ្ញៀវទេសចរអន្តរជាតិ បានថយចុះរហូតដល់ ៨០,២ភាគរយក្នុងឆ្នាំ២០២០ ដែលធ្វើឱ្យប៉ះពាល់ការងារផ្ទាល់ជាង ១១ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត។ និន្នាការនេះក៏បាននឹងកំពុងបន្តធ្លាក់ចុះបន្ថែមទៀតក្នុងឆ្នាំ២០២១នេះ។
លោកថ្លែងថា៖«ក្នុងបរិការណ៍បច្ចុប្បន្ន ខណៈមេរោគកូវីដ១៩ បំប្លែងថ្មីកំពុងបន្តរីករាលដាលក្នុងពិភពលោក និងមានភាពមិនច្បាស់លាស់នៅថ្ងៃអនាគត រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាមុំយុទ្ធសាស្រ្តគន្លឹះយ៉ាងម៉ឺងម៉ាត់ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ឱ្យបានលឿនតាមគោលដៅកំណត់ បន្តជំរុញការអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាល ជាពិសេសវិធាន «៣កុំ ៣ការពារ» ដើម្បីជាមូលដ្ឋាននៃការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមពេញលេញឡើងវិញ ជាជំហានៗក្នុងគន្លងប្រក្រតីភាពថ្មី និងការទទួលខុសត្រូវខ្ពស់»។
បើតាមលោក ហ៊ុន សែន យុទ្ធសាស្ត្រអាទិភាពសំខាន់ៗដែលកម្ពុជាបានកំណត់ដើម្បីចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ មានដូចជា ការពង្រឹកល្បឿននៃការចាក់វ៉ាក់សាំងបង្ហារជំងឺកូវីង១៩ ដើម្បីធានាបានសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិ និងអន្តរជាតិ, ការលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប, ការសហការរវាងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មីដល់យុវជន ស្របតាម យន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ប្រកបដោយចីរភាព, និងការគិតគូរអំពីសុវត្ថិភាព និងផាសុកភាព តាមរយៈការដាក់ចេញនូវយុទ្ធនាការ «កម្ពុជាសុវត្ថិភាព – Cambodia safe» ដើម្បីជាមុំយុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិក្នុងដំណាក់កាលនៃការបើកឡើងវិញ និងពេលអនាគត៕