ភ្នំពេញ៖ កម្ពុជារំពឹងថាការប្រកាសបើកកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូននឹងកាន់តែទាក់ទាញការវិនិយោគ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសប្រើប្រាស់សាបារាំង និងប្រទេសក្នុងតំបន់បន្ថែមទៀត។
ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីប្រកាសបើកកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង (OIF)។
លោករដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលត្រូវបានផ្តួចផ្តើមដោយអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសក្នុងតំបន់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះនឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩។
លោកប៉ាន សូរស័ក្កបានមានប្រសាសន៍ថា៖«យើងខ្ញុំសូមលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្មដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃដែលកំពុងមានឧត្តមភាពរីកចម្រើន»។
ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,6 ប៊ីលានដុល្លាអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៩៕