ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បី ប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងបានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ ដែលមានការអញ្ជើញចូលរួមពី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានមួយចំនួនក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំង ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ និងឧកញ៉ា លោក-លោកស្រី មកពីសភាពាណិជ្ជកម្មកម្ពុជា-ថៃ ជាច្រើនរូប។ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម
លោករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាអធិបតីក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារដ៏មានសារៈសំខាន់ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ ដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងធុរកិច្ច ជំរុញពាណិជ្ជកម្ម និងបង្កើនទំហំវិនិយោគរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តី បានបន្តថា៖« ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ ឯកឧត្តមរដ្ឋមន្រ្តី សូម លើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បី ប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ»។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី សូមលើកទឹកចិត្ត និងស្វាគមន៍អ្នកវិនិយោគថៃដែលមានសក្តានុពលកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)។
លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ លោករដ្ឋមន្រ្តី និងប្រតិភូក្រសួងពាណិជ្ជកម្ម ក្នុងការចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្មថៃ និងគណៈកម្មការធុរកិច្ចថៃ នាពេលនេះ។
លោក បន្តថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណភាពខ្ពស់ ជាពិសេស នៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។
ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយដៃគូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា ដូចជា សភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្មនានា ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុង គោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ក្នុងនាម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជន មានសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានចូលរួម កិច្ចប្រជុំសម្តែងការគួរសមនេះ ជាមួយគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចកម្មថៃ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅពេលនេះ។
លោកបានបន្តថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគជាដើម តួយ៉ាងដូចជា ការរៀបចំ កិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេសទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ៕