ភ្នំពេញ៖ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនយក្ស CPALL របស់ប្រទេសថៃ ពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រក្រដាស និងជីសរីរាង្គ ដែលផលិតផលមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។
ការលើកឡើងរបស់លោកនាយករដ្ឋាមន្រ្តីត្រូវធ្វើឡើងក្នុងជំនួបជាមួយលោក លោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CPALL និងក្រុមការងារនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោក កសាក់ បានជម្រាបសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ដើម្បីស្វែងរកសក្តានុពលវិនិយោគនៅកម្ពុជា។
ពាក់ព័ន្ធការវិនិយោគនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យលោក កសាក់ ទាក់ទងពិភាក្សាជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យលោក កសាក់ ឆៃរ៉ាមីសាក់ ពិចារណាវិនិយោគលើការផលិតក្រដាសនៅកម្ពុជា ព្រោះមានតម្រូវការខ្ពស់។ លោកនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យពិចារណាបង្កើតរោងចក្រផលិតជីសរីរាង្គផងដែរ ព្រោះមានអំណោយផលល្អសម្រាប់វិស័យកសិកម្ម ហើយក៏មានទីផ្សារខ្ពស់នៅកម្ពុជាផងដែរ។
លោក កសាក់ ឆៃរ៉ាមីសាក់ ប្រធានប្រតិបត្តិក្រុមហ៊ុន CPALL បានសម្តែងការអបអរសាទរចំពោះរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ដោយលោកបានកត់សម្គាល់ឃើញថា រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត៕