ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ជួយជំរុញភ្ញៀវទេស ចរហ្វីលីពីន មកទស្សនានៅក្នុងប្រទេសកម្ពុជាបន្ថែម ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ខណៈនៅពេលនេះកម្ពុជាកំពុងរៀបចំផែនការទទួលយកភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងហើយ ឫមកពីកន្លែងដែលមានហានិភ័យទាបមកទស្សនា នៅក្នុងកន្លែងដែលមានសុវត្ថិភាពនៅកម្ពុជា។
ការស្នើរបស់លោក ថោង ខុន ធ្វើឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជំនួបជាមួយលោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជានៅទីស្តីការក្រសួងទេសចរណ៍។
លោកបានប្រាប់លោកស្រីឯកអគ្គរដ្ឋទូត ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃជំងឺកូវីដ១៩ និងបានលើកឡើង ពីផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ បានបិទបញ្ចប់ផងដែរ។
លោកថោង ខុន បានបន្ថែមថា កាលពីដើមឆ្នាំ២០២១នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធ Video conference និងបានសម្រេចនូវវិធានការនិងគោលដៅនានា ដើម្បីបើកនូវទេសចរណ៍ នៅក្នុងតំបន់អាស៊ានឡើងវិញ ដោយផ្តោតលើទេសចរ បានចាក់វ៉ាក់សាំងរួចហើយ និងបាន ដាក់ចេញផែនការមួយចំនួនដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយក្នុងនោះមាន ការរៀបចំឱ្យមានផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយរៀបចំឱ្យមានជា វិធានសុវត្ថិភាព អនាម័យ ដែលអនុវត្តន៍នៅក្នុងវិស័យឧស្សាហ៍កម្មទេសចរណ៍អាស៊ានផងដែរ។
« បច្ចុប្បន្ននេះក្រសួងទេសចរណ៍ កំពុងសិក្សានិងរៀបចំឯកសារទស្សនទានស្តីអំពី កញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាព សម្រាប់ប្រទេស ដែលមានហានិភ័យទាប បានមកទស្សនានៅតំបន់ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩នេះ។ ទាំងនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈ ឈានឆ្ពោះទៅការត្រៀមខ្លួនរបស់កម្ពុជា ទទួលជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ខាងមុខផងដែរ»។ នេះបើយោងតាមការថ្លែងអះអាងរបស់លោក។
លោកស្រី Maria Amerita C. Aquino បានឯកភាព នឹងជួយជំរុញបន្ថែមឱ្យបានកំណើនទេសចរ មកទស្សនា ក្រោយស្ថានភាពកូវីដ បានធូរស្រាល ជាមួយនឹងការជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាលលើវិស័យទេសចរណ៍ផងដែរក្រោយស្ថានភាពកូវីដ បានធូស្រាល៕