ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដល់កម្ពុជាបន្តទៀត ខណៈវិស័យកំពុងទន្ទឹងរងចាំការសម្រេចពីខាងសភាអាមេរិក។
ការស្នើនេះបានធ្វើឡើងនៅក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ West Virginia នៅថ្ងៃទី ៣០ខែសីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
លោក ប៉ាន សូរសក្តិ បានលើកឡើងថា កម្ពុជាទទួលបានប្រយោជន៍ច្រើន ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា»។
លោកបានបញ្ជាក់ថា៖« ក្រសួងស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកដល់កម្ពុជាបន្តទៀត និងស្នើឱ្យជួយគាំទ្រក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល ខណៈដែលពេលបច្ចុប្បន្ន កម្ពុជា ក៏មានតម្រូវការចាំបាច់លើផ្នែកបច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម»។
យោងតាមរបាយការណ៍របស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែដំបូង ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៥៨៩២លានដុល្លារ កើនឡើងជាង៤៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់ជាង ៥៦៩៥ លានដុល្លារ កើនឡើងជាង ៤៧ភាគរយ ខណៈដែលកម្ពុជា នាំចូលពីអាមេរិកមកវិញមានតម្លៃជាង ១៩៦លានដុល្លារ កើនឡើង ៣,២ភាគរយ ៕