រ៉ាក់យង៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តម អ៊ូក សោភ័ណ បានស្វាគមន៍ផែនការបង្កើតវិទ្យាស្ថាន បណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤ នៅកម្ពុជា ដែលផ្តួចផ្តើមដោយ សាជីវកម្ម SNC Former Public Company Ltd ដោយសារគម្រោងនេះ អាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។
ការស្វាគមន៍របស់ ឯកឧត្តមឯកអគ្គរាជទូត បានធ្វើឡើងនាឱកាសដឹកនាំមន្ត្រីការទូតចុះបំពេញ ទស្សន កិច្ចសិក្សាខ្សែរចង្វាក់ចំនួន ២៣ រោងចក្ររបស់ក្រុមហ៊ុនខាងលើ ដើម្បីផ្សព្វផ្សាយការទូតសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកបណ្ឌិត Somchai Thaisa-nguanvorakul ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន រួមជាមួយសហការី។
បើតាម ឯកឧត្តម អ៊ូក សោភ័ណ គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទី សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាពជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP)ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។
លោកបណ្ឌិត Somchai Thaisa-nguanvorakul បានគូសបញ្ជាក់ថា ក្រុមហ៊ុនធ្លាប់បានសិក្សា លើវិស័យ ជាច្រើននៅកម្ពុជា រាប់តាំងពីការគ្រប់គ្រងកាកសំណល់ (Waste management) រហូតដល់ថាមពល កកើតឡើងវិញ (Renewable energy) ហើយឥឡូវក៏មានបំណងបង្កើតវិទ្យាស្ថាន បច្ចេកវិទ្យា លក្ខណៈ ស្តង់ដារស្វ័យប្រវត្តិទំនើបមួយ ដើម្បីបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិក ដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។
សូមជម្រាបថាសាជីវកម្ម SNC Former Public Limited Company Ltd បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿង បន្លាស់ ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាននិងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ជូនអតិជន ដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី៕