ភ្នំពេញៈ ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល ១សប្តាហ៍ពីថ្ងៃទី១៣-១៩ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៣០៦ ៥១៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៤ ៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥១ ៨៩៨នាក់។
ក្នុងនោះខេត្តព្រះសីហនុទទួលបានភ្ញៀវច្រើនជាងគេ គឺ ៦៨ ០៦៧នាក់, សៀមរាប ៤២ ៨៦៣នាក់, ភ្នំពេញ ៤០ ៤៧៣នាក់, កំពត ២៥ ២៣៣នាក់, បាត់ដំបង ២៥ ១៩៩នាក់, កំពង់ចាម ១៤ ១៨០នាក់, បន្ទាយមានជ័យ ១២ ២៩៥នាក់, ពោធិ៍សាត់ ១០ ៦៣០នាក់។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា៖«ជាការកត់សម្គាល់ ចរន្តភ្ញៀវទេសចរក្នុងស្រុកបន្តស្ថិតក្នុងរង្វង់ប្រមាណ ៣០ម៉ឺននាក់ក្នុង១សប្តាហ៍ ខណៈសប្តាហ៍កន្លងមកយើងទទួលភ្ញៀវក្នុងស្រុកប្រមាណ ១,៥លាននាក់ ក្នុងនោះការប្រារព្ធពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង ១លាននាក់»។
តារាងសូចនាកររបស់ក្រសួងទេសចរណ៍ ឱ្យដឹងថា កាលពីឆ្នាំ២០២២ ទេសចរជាតិ(Domestic Tourists) ដែលចេញដើរកម្សាន្តក្នុងស្រុកមានចំនួនសរុប ១៣,៩៣លាននាក់ កើនឡើង ១៩៨,៨ភាគរយធៀបឆ្នាំ២០២១។ ជាមធ្យមទេសចរជាតិចំណាយរយៈពេលដើរកម្សាន្ត ៣ថ្ងៃ ២យប់ និងចំណាយជាមធ្យម ៥០ដុល្លារក្នុងម្នាក់ៗ ដែលស្មើនឹងទឹកប្រាក់សរុបប្រមាណ ៦៥០លានដុល្លារ៕