ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តកញ្ចប់ថវិកាថ្នាក់ជាតិឆ្នាំ២០២២ ចំនួនជាង ៨,៧ពាន់លានដុល្លារ កើនឡើង ៦,៨ភាគរយបើធៀបនឹងឆ្នាំ២០២១ ខណៈការប្រមូលចំណូល គ្រោងនឹងឱ្យបានចំនួន ៥ ៧៧១លានដុល្លារ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ឱ្យដឹងថា តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា២,៤ភាគរយ ហើយត្រូវបានព្យាករថានឹងងើបឡើងវិញនៅឆ្នាំ២០២២ ដោយត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨ភាគរយ ដែលធ្វើឱ្យផ.ស.ស.ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣០ ៥៤៤លានដុល្លារ ស្របពេល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវរំពឹងនឹងកើនឡើងដល់ ១ ៨៤១ដុល្លារ បើប្រៀបធៀបនឹង ១៧៣០ដុល្លារក្នុងឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មាន តាមផែនការគម្រោងចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២២ ត្រូវបានគ្រោងចំនួន ៨ ០១៣លានដុល្លារ ត្រូវជា ២៦,២៤ភាគរយនៃផ.ស.ស. កើនឡើង ៦,៨ភាគរយធៀបនឹងឆ្នាំ២០២១។ ចំណែកចំណូលថវិកាថ្នាក់ជាតិ គ្រោងរកឱ្យបានចំនួន ៥ ៧៧១លានដុល្លារ ត្រូវជា ១៨,៩ភាគរយនៃផ.ស.ស ដែលកើនឡើង ១៧,៧ភាគរយធៀបឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានរបស់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានលើកឡើងទៀតថា ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៨ភាគរយ ក្នុងបរិបទនៃការកើនឡើងនូវភាពមិនប្រាកដប្រជាទាំងក្នុងនិងក្រៅប្រទេស រដ្ឋាភិបាលកម្ពុជានឹងជំរុញអនុវត្តយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយមិនត្រឹមតែផ្តោតលើការស្តារសេដ្ឋកិច្ចនិងជីវភាពប្រជាជនឱ្យបានឆាប់រហ័សប៉ុណ្ណោទេ ប៉ុន្តែថែមទាំងដើម្បីធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ និរន្តរភាព និងបរិយាបន្ន ក្នុងរយៈពេលវែងផងដែរដោយឈរលើសសរស្តម្ភចំនួនបីគឺការស្តារការកែទម្រង់ និងការកសាងភាពធន់។
សេចក្តីប្រកាសព័ត៌មានបានអះអាងថា៖«ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបានថាជា«ថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយកូវីដ១៩ តាមកន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធ ការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ»៕