ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ប្រេងឆៅចំនួន ២៩៥ ០០០បារ៉ែលដែលត្រូវបានក្រុមនាវិកនៃនាវា MT Strovolos ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌូនេស៊ីនោះ គឺជាកម្មសិទ្ធស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ។
យោងតាមក្រសួង ម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos ត្រូវបានជូនដំណឹងអំពីកម្មសិទ្ធិលើប្រេងកាត និងការបំពានច្បាប់កម្ពុជាតាំងពីប៉ុន្មានខែមុនមកម៉្លេះ ។ ពួកគេ មិនត្រឹមតែមិនបានធ្វើសកម្មភាពណាមួយក្នុងការបង្វិលសងប្រេងកាតមកព្រះរាជាណាចក្រកម្ពុជាវិញទេ ប៉ុន្តែ ពួក គេថែមទាំំងធ្វើដំណើរទៅកាន់កំពង់ផែជាច្រើននៅក្នុងប្រទេសថៃ និង ប្រទេសឥណ្ឌូនេស៊ីជាដើម ដោយពួកគេបានបន្តបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវាក្នុងរយៈពេលយូរ ពេលដែល ពួកគេធ្វើដំណើរ រួមទាំងពេល៖ ចាកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត ចាកចេញពីដែនទឹកប្រទេសថៃ និងចូលទៅកាន់ដែនទឹកប្រទេសឥណ្ឌូនេស៊ី។
ជាមួយគ្នានេះដែរ ក្រសួងបានពន្យល់ថា ពេលដែលនាវា MT Strovolos ចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ នាវានេះត្រូវបានជួលដោយក្រុមហ៊ុន KrisEnergyដែលក្រុមហ៊ុនទទួលបានកិច្ចសន្យាក្នុងការអភិវឌ្ឍជម្រកប្រេងកាតកម្ពុជា ។ វិវាទរវាងម្ចាស់នាវានិងអ្នកគ្រប់គ្រងនាវា និងក្រុមហ៊ុន KrisEnergyពាក់ព័ន្ធនឹងការជួលនាវា ប្រហែលជាបានកើតឡើង ប៉ុន្តែបញ្ហានេះ មិនពាក់ព័ន្ធដល់ព្រះរាជាណាចក្រកម្ពុជាឡើយ ។
ក្រសួងបានថ្លែងថា៖« ប្រេងកាត មិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់ម្ចាស់នាវា និងអ្នកគ្រប់គ្រង នាវាMT Strovolos ឡើយ ព្រោះថាប្រេងកាតទាំងនេះ មិនមែនជាកម្ម សិទ្ធិរបស់អ្នកជួលនាវា (ក្រុមហ៊ុន គ្រីសអេនើជី) ទេ។ ដូចបញ្ជាក់កន្លងមក ប្រេងកាតជាទ្រព្យសម្បត្តិ របស់ព្រះ រាជាណាចក្រកម្ពុជា។ គ្មានការទាមទារណាមួយក្រោមកិច្ចព្រមព្រៀងជួលនាវាអាចផ្តល់ ហេតុផល សមរម្យ ឬ អនុញ្ញាតឲ្យនាវាMT Strovolos ចាកចេញពីដែនទឹកកម្ពុជាដោយខុសច្បាប់ ឬ អនុញ្ញាតឲ្យមានរការរំលោភបំពានកម្មសិទ្ធិប្រេងកាតរបស់កម្ពុជាឡើយ ។
ម្ចាស់នៃនាវា MT Strovolosបានថ្លែងការណ៍ថាខ្លួនយកចិត្តទុកដាក់ដល់សុខមាលភាពរបស់ក្រុមនាវិកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះ គឺផ្ទុយទៅនឹងការពិតដែល ក្រុមនាវិករបស់ពួកគេមិនបានគោរពគោលការណ៍សុវត្ថិភាពនៅលើលំហសមុទ្រឡើយពួក គេបានបិទប្រព័ន្ធ អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវាក្នុងពេលពួកគេធ្វើដំណើរ ហើយផ្ទុយនឹងការណ៍ដែលពួកគេ ចាកចេញពីដែនទឹកកម្ពុជាដោយគ្មានការអនុញ្ញាត ឬ ដោយគ្មានសិទ្ធិលើប្រេងកាតរបស់ព្រះរាជាណាចក្រកម្ពុជា» ៕