ក្រុងបាងកក៖ សហគ្រិនកម្ពុជា-ថៃបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មផ្លែឈើរវាងសហគ្រិនថៃ និងកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី «Fruitpital Corridor Business Matching Trip» ក្នុងការជំរុញការនាំចេញនិងការដាំដុះផ្លែរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងពីរ។
ការអនុស្សរណៈយោគយល់គ្នាត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ។
កម្មវិធីដ៏សំខាន់នេះ បានប្រព្រឹត្តិទៅនៅភោជនីយដ្ឋាន The Pool Bar & Bistro នៃខេត្តច័ន្ទបុរី ក្រោមកិច្ចសហការរៀបចំរវាងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ និងការិយាល័យពិព័រណ៌ និងសន្និសីទ (TCEB) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មថៃ តំណាងសមាគមនាំចេញផ្លែឈើថៃ ពាណិជ្ជករ និងធុរជនទាំងពីរប្រទេស ប្រមាណជាង ១០០នាក់៕