បាងកក៖ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រន័រវេស គ្រោងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ពិសេសស្វែងរកយន្តការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយន័រវេសធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅឆ្នាំក្រោយ។
គម្រោងខាងលើ ត្រូវបានបង្ហើបនៅក្នុងកិច្ចប្រជុំពិសេសរវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ និងលោកជំទាវ Kjersti Rødsmoen ឯកអគ្គរាជទូតន័រវែសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងជំនួប ក្រៅពីបានលើកឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពបង្កើតស្ថានកុងស៊ុលកិត្តិយសន័រវែសនៅរាជធានីភ្នំពេញ និងរបៀបវារៈសម្រាប់រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ កម្ពុជា-ន័រវែស ផងដែរ៕