សៀមរាប៖ ថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា និង ធនាគាររដ្ឋវៀតណាមបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាមឃ្យូអរកូតឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ និងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ(ប្រាក់រៀល) ឱ្យកាន់តែទូលំទូលាយ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតជាមួយនឹងព្រះរាជាណាចក្រថៃបានជោគជ័យធនាគារ អេស៊ីលីដា បានបន្តពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះជាមួយនឹងប្រទេសសមាជិកអាស៊ានចំនួន ២ បន្ថែមទៀតរួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាមបន្ទាប់ពីមានការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា។ ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam(BIDV) ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QRCode) នៅប្រទេសកម្ពុជា និងវៀតណាមក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងថ្នាក់តំបន់និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោកបណ្ឌិត បានបន្ថែមទៀតថា ឥឡូវនេះកម្ពុជា និងវៀតណាមរីករាយជាមួយនឹងការទូទាត់ប្រាក់តាម QR code បានយ៉ាងងាយស្រួលរហ័សនិងមានសុវត្ថិភាព។អតិថិជនរបស់ធនាគារនៅប្រទេសកម្ពុជា ដែលមានគណនីប្រាក់រៀល ហើយធ្វើដំណើរទៅប្រទេសវៀតណាម អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូស័ព្ទរបស់ធនាគារកម្ពុជាណាមួយ ឬតាមប្រព័ន្ធបាគងដោយគ្រាន់តែចុចលើមុខងារ ស្កែនឃ្យូអរ (QR)ហើយធ្វើការស្កែន វៀត ឃ្យូអរកូត (Viet QR Code)របស់អាជីវករវៀតណាម។ ដូចគ្នានេះផងដែរ អតិថិជនរបស់ធនាគារនៅប្រទេសវៀតណាមដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ តាមរយៈខេអេចឃ្យូអរ (KHQR ) ដោយបើកកម្មវិធីធនាគារចល័ត តាមរយៈទូរស័ព្ទរបស់ធនាគារវៀតណាមណាមួយ ហើយស្កែនខេអេចឃ្យូអរ (KHQR) របស់អាជីវករនៅកម្ពុជា។”