ភ្នំពេញ៖ ជាកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែន ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជានិងប្រទេសវៀតណាមបានយល់ព្រមក្នុងការសម្រួលនិងបង្កើនការធ្វើពាណិជ្ជកម្មតាមព្រំដែនសំដៅធ្វើយ៉ាងណាឱ្យការដោះដូរទំនិញនៃប្រទេសជិតខាងទាំងពីរកាន់តែមានកំណើនបន្ថែមទៀត។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនាពេលកន្លងមក និងទិសដៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានលើកទ្បើងផងដែរអំពីសារៈសំខាន់នៃការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា- វៀតណាម ដែលបានចរចាបញ្ចប់រួចហើយ និងត្រូវពន្លឿនការចុះហត្ថលេខានិងនីតិវិធីក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចទ្បើងវិញក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ជាពិសេសជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។
ក្នុងនោះផងដែរ ភាគីទាំងពីរបានពិភាក្សានិងពិនិត្យលទ្ធភាពជំរុញផលិតផលមានសក្តានុពល របស់កម្ពុជា នាំចូលទីផ្សារវៀតណាម តាមរយៈការផ្តល់នូវភាពអនុគ្រោះ និងកិច្ចសម្រួលពាណិជ្ជកម្មតាមព្រំដែន។
ភាគីទាំងពីរបានឯកភាពអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីបំពេញឱ្យការនាំចេញទៅវិញទៅមក។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិ និងតំបន់ផងដែរ ហើយភាគីវៀតណាមបញ្ជាក់សារជាថ្មីនូវជំហរគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២ ដើម្បីពង្រឹងស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរនិងតំបន់អាស៊ាន។
ភាគីទាំងពីរបានឯកភាពបន្តធានាឱ្យបាននូវពាណិជ្ជកម្មបើកចំហ និងកិច្ចសម្រួលដល់លំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើយ៉ាងណាឱ្យលំហូរពាណិជ្ជកម្មអាចប្រព្រឹត្តទៅដោយរលូន។
ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកុមចំពោះកំណើននៃទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម ដែលសម្រេចបានប្រមាណជាង ៨ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល១១ខែនៃឆ្នាំ២០២១ ទោះបីជាប្រទេសទាំងពីរទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នាពេលកន្លងមកក៏ដោយ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជូនថា នេះសបញ្ជាក់ ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អប្រសើរលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងភាគីទាំងពីរ ជាពិសេសផលិតផលកសិកម្ម និងកែច្នៃ៕